ខេត្តកំពង់ចាម៖ ផ្លូវក្រាលកៅស៊ូប្រភេទDBST មួយខ្សែដែលមានប្រវែង ២៧,៣៥០ម៉ែត្រ ឆ្លងកាត់ឃុំចំនួន៣នៃស្រុកកងមាស ក្នុងខេត្តកំពង់ចាម នឹងលេចជារូបរាងនៅចុងឆ្នាំ ២០២២នេះ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរស្រុកកងមាស អញ្ជើញចុះពិនិត្យវឌ្ឍនភាព ការស្ថាបនាផ្លូវក្រាលកៅស៊ូនេះ ដែលជាប្រភពថវិការបស់ធនាគារពិភពលោក ដែលអនុវត្តគម្រោងដោយក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ។
មន្ត្រីបច្ចេកទេសបានជម្រាបជូនឯកឧត្តម អភិបាលខេត្តថា ផ្លូវ១ខ្សែខាងលើនេះ គឺឆ្លងកាត់ឃុំចំនួនបី រួមមាន: ឃុំព្រែកកុយ,កងតាណឹង និងឃុំសូគង នៃស្រុកកងមាស ហើយផ្លូវ១ខ្សែនេះនឹងបញ្ចប់ការដ្ឋានស្ថាបនានៅចុងឆ្នាំ ២០២២ ខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានស្នើដល់មន្ត្រីបច្ចេកទេស និងអ្នកទទួលការ សំដៅធ្វើយ៉ាងណាឱ្យការស្ថាបនាផ្លូវខាងលើ ប្រកបមានគុណភាព ស្របទៅតាមលក្ខណៈបទដ្ឋានស្តង់ដារបច្ចេកទេស។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរស្រុក និងគណៈកម្មការត្រួតពិនិត្យផ្លូវខាងលើយកចិត្តទុកដាក់ និងជួយសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យផ្លូវដ៏មាន សារសំខាន់១ខ្សែនេះរួចរាល់តាមការគ្រោងទុក។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យសំណង់ទប់ច្រាំងព្រែកកុយ ប្រវែងប្រមាណ៤០០ម៉ែត្រ ដែលសម្រេចការសាងសង់រួចរាល់ជាស្ថាពរ៕