រាជធានីភ្នំពេញ៖ ផ្លូវល្បឿនលឿនចាប់ពី រាជធានីភ្នំពេញ-ទៅខេត្តព្រះសីហនុ នឹងអាចដាក់ឲ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ហើយអាចនឹងរួចរាល់ សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការក្នុងខែ កញ្ញា ឆ្នាំ២០២២ខាងមុខនេះ។
នេះជាការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ក្នុងថ្ងៃ ៩ ខែកុម្ភៈ នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។
ផ្លូវល្បឿនលឿនដែលមានតម្លៃប្រមាណ ២០០០ លានដុល្លារលាតសន្ធឹងប្រវែងជាង ១៩០ គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញ និងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ បានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ក្រោមក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ។
សូមជម្រាបជូនដែរថា ទទឹងផ្លូវសរុបគឺមានរហូតដល់ ២៤.៥ ម៉ែត្រ ខណៈចរាចលើគន្លងផ្លូវចំនួន ៤ មានប្រហែង១៥ ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរបានដល់ ១០០-១២០ គីឡូម៉ែត្រក្នុងមួយម៉ោង៕