ស្ដូបមិត្តភាពកម្ពុជា-វៀតណាម គឺជាសក្ខីភាពនៃការជួយគ្នាទៅវិញទៅមករវាង កម្ពុជានិងវៀតណាម

រាជធានីភ្នំពេញ៖ ស្ដូបមិត្តភាពកម្ពុជា-វៀតណាម គឺជាសក្ខីភាពនៃការជួយគ្នាទៅវិញទៅមករវាង កម្ពុជានិងវៀតណាម ដែលប្រទេសកម្ពុជា ធ្លាប់ជួយប្រទេសវៀតណាមក្នុងការបង្រួបបង្រួមជាតិ ឯកភាពទឹកដីកំឡុងទសវត្សរ៍ ៦០-៧០ ហើយនៅទសវត្សរ៍ឆ្នាំ ៧០-៨០ ប្រទេសវៀតណាមក៏បានចូលរួមជួយកម្ពុជា ក្នុងបុព្វហេតុរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍។

នេះបើតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ០១សណន ស្ដីពីការចារឹកនូវអត្ថន័យនៃសច្ចភាពជាប្រវតិ្តសាស្រ្ដលើ ស្ដូបមិត្តភាព កម្ពុជា-វៀតណាម ដែលបានសាងសង់ឡើងនៅតាមបណ្ដារាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដែលចុះថ្ងៃទី០១ កុម្ភៈ ២០២២។

រាជរដ្ឋាភិបាល ក៏បានប្រគល់ការងារឲ្យរដ្ឋបាលរាជធានី ខេត្ត អង្គភាពពាក់ព័ន្ធ ធ្វើការពិនិត្យនិងរៀបចំចារឹកនូវអត្ថន័យសច្ចភាពជាប្រវត្តិសាស្រ្ដ ជា៣ភាសាផងដែរគឺ ភាសាខ្មែរ-ភាសាវៀតណាម-និងភាសាអង់គ្លេស ដែលមានខ្លឹមសារជាភាសាខ្មែរថា៖

"ស្ដូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើងដើម្បីជាសក្ខីភាពនៃការដឹងគុណ និងការចងចាំចំពោះពលិកម្មរបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុនៃការបង្រួបបង្រួមនិងឯកភាពទឹកដីវៀតណាម ក្នុងកំឡុងទសវត្សរ៍ ៦០-៧០ និងជាសក្ខីភាពនៃការដឹងគុណ និងការចងចាំចំពោះពលិកម្មរបស់កងទ័ព និងប្រជាជនវៀតណាម ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ នៅទសវត្សរ៍៧០-៨០។"