ឯកឧត្តម ជាវ តាយ ស្នើដល់អភិបាលក្រុងស្រុកត្រូវចូលរួចដាច់ខាត ក្នុងកិច្ចប្រជុំប្រចាំខែរបស់ខេត្ត

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានស្នើដល់អភិបាលក្រុងស្រុកទាំងអស់ ត្រូវតែចូលរួមជាដាច់ខាត ក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈអភិបាលខេត្ត ដែលធ្វើឡើងរៀងរាល់មួយខែម្តង ដើម្បីក្តាប់សភាពការណ៍រួមនាពេលបច្ចុប្បន្ន លើកយកបញ្ហាប្រឈមរួមគ្នាដោះស្រាយ ធ្វើយ៉ាងណាបម្រើសេវាសាធារណៈ ក៏ដូចជាសេចក្តីត្រូវការ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ឯកឧត្តមបានស្នើបែបនេះ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្តនៅខែកុម្ភៈ ឆ្នាំ២០២២ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។

ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា៖ រៀងរាល់កិច្ចប្រជុំប្រចាំខែ របស់គណៈអភិបាលខេត្ត អភិបាលក្រុងស្រុកទាំងអស់ ត្រូវតែចូលរួមដោយផ្ទាល់ជាដាច់ខាត លើកលែងតែករណីចាំបាច់មិនអាចខានបាន ទើបអាចចាត់តំណាង ព្រោះថាអភិបាលក្រុងស្រុក គឺជាអ្នកទទួលខុសត្រូវរួម និងចាត់ចែងបញ្ជាគ្រប់សភាពការ ចំពោះរដ្ឋបាលដឹកនាំរបស់ខ្លួន។ នេះមិនមែនមានន័យថា អភិបាលរងក្រុងស្រុកគ្រប់រូប ធ្វើការមិនបាននោះទេ ប៉ុន្តែពួកគេមិនមានសិទ្ធិគ្រប់គ្រាន់ ក្នុងដឹកនាំបញ្ជាការងាររួម។ ឯកឧត្តមបន្ថែមថា ការងារដឹកនាំ គឺមានតែ៣ចំណុចធំៗនោះទេ ទី១-របបប្រជុំ ទី២-របបរាយការណ៍ និងទី៣-របបសុំយោបល់។

ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹកដល់អភិបាលក្រុងស្រុកទាំងអស់ ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ តាមការណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕