រាជធានីភ្នំពេញ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ។
នេះគឺជាដំណើរចេញក្រៅប្រទេសលើកទី១ ហើយប្រទេសកម្ពុជាគឺជាប្រទេសទី១ ដែលឯកឧត្តមមកធ្វើទស្សនកិច្ចផ្លូវការក្នុងនាម មេបញ្ជាការកងទ័ពជើងគោករបស់ព្រះរាជាណាចក្រថៃ។ ក្នុងជំនួបនោះ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានបំពាក់មេដាយសហមេត្រីជូនឯកឧត្តម ដែលជាព្រះប្រទានរបស់ព្រះមហាក្សត្រកម្ពុជា។
ឯកឧត្តម ឯកឧត្តម ណារ៉ុងផាន់ ជិតកែវធែ ក៏បានសម្ដែងនូវ ការអបអរសាទរ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ជូនចំពោះប្រជាជនកម្ពុជា ដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ នេះ។ ឯកឧត្តមសូមសំដែងនូវការគាំទ្រ នូវដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា កន្លងទៅថ្មីៗនេះ ហើយឯកឧត្តមមានជំនឿជឿជាក់ថា សម្ដេចតេជោនឹងនាំមកនូវសាមគ្គីភាព និងវឌ្ឍនភាពអាស៊ាន នាពេលខាងមុខជាក់ជាមិនខាន។
ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា កងទ័ពកម្ពុជា និងកងទ័ពថៃ មានទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយ។ ក្នុងនាមឯកឧត្តមជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម និងរក្សាទំនាក់ទំនងនេះ និងបន្តជំរុញនូវកិច្ចសហប្រតិបត្តិការ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស ការកាប់ឈើខុសច្បាប់ និងអំពើខុសច្បាប់ដទៃទៀត។
ឯកឧត្តមក៏បានគោរពប្ដេជ្ញាជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្តមត្រៀមខ្លួនជាស្រេច ធ្វើយ៉ាងណាសហការជាមួយកងទ័ពកម្ពុជា ដើម្បីថែរក្សាសន្តិភាព និងសុវត្ថិភាព សម្រាប់ប្រទេសទាំងពីរ ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរចំពោះឯកឧត្តម ដែលបានតែងតាំងជាអគ្គមេបញ្ជាការកងទ័ពជើងគោកថៃ ហើយក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ដែលបានគាំទ្រកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ នេះ និងអរគុណដែលបានគាំទ្រនូវដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។
លើសពីនេះទៅទៀតសម្ដេចតេជោក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ សម្ដេចតេជោបានមានប្រសាសន៍ថា ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅឡើង ជាពិសេសការជឿទុកចិត្តគ្នាទៅវិញទៅមក។ ឈរលើទំនាក់ទំនងដ៏ល្អនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថា កងទ័ពគប្បីណាដើរតួនាទី ជាកងទ័ពការទូត រក្សាសន្តិភាព ស្ថិរភាព បង្កើនជំនឿទុកចិត្ត ឲ្យប្រជាជននៅតាមព្រំដែន មានជំនឿចិត្តប្រកបអាជីវកម្ម ជំរុញការអភិវឌ្ឍនៅតាមព្រំដែន ប្រែក្លាយព្រំដែនជាតំបន់ដែលមានសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។
ក្នុងឱកាសនោះផងដែរសម្តេចតេជោ ក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃ ដែលកន្លងមកបានជួយដល់ពលករកម្ពុជាដែលកំពុងរស់នៅក្នុងប្រទេសថៃ ហើយក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃដែលបានជួយដល់ប្រជាជនកម្ពុជា ពេលដែលប្រជាជនកម្ពុជាមានជំងឺ ដែលអនុញ្ញាតឲ្យចូលទៅព្យាបាលនៅក្នុងទឹកដីថៃ នៅតាមព្រំដែន៕