សម្ដេចតេជោ៖ បើទោះបីជាត្រូវធ្វើសង្គ្រាមការពារ៧មករា ក៏ត្រូវធ្វើដែរ

រាជធានីភ្នំពេញ៖ គ្មានពេលណាមួយដែលគណបក្សប្រជាជន និងប្រជាជនកម្ពុជា ភ្លេចថ្ងៃ៧មករានោះទេអ្នកត្រូវចាំកន្លែងនេះ។ នេះជាប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ក្នុងការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វស្ពានឬស្សីកែវឆ្លងកាត់ទន្លេសាប នាព្រឹកទី ៣១ មករា ២០២២។

សូមជម្រាបជូនដែរថា ក្នុងកំឡុងនៃការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ចាប់ពីចុងឆ្នាំ ២០២០ មក គណបក្សប្រជាជនកម្ពុជា បានខកខានក្នុងការប្រារព្ធពិធីបុណ្យ ៧មករា​ ក្នុងទ្រង់ទ្រាយធំចំនួន២ឆ្នាំជាប់គ្នា នោះគឺ ៧មករា ឆ្នាំ ២០២១ និង ៧មករា ឆ្នាំ២០២២ ខណៈសម្ដេចតេជោ បានចេញដំណើរទៅប្រទេសភូមាក្នុងថ្ងៃនោះ។ 

ការខកខានកន្លងទៅនេះ ​ត្រូវបានអ្នកវិភាគសង្គមមួយចំនួន បានលើកឡើងថា គណបក្សប្រជាជនហាក់ដូចជាបាននិងកំពុង តែដកថយពីឥទ្ធិពលរបស់វៀតណាម។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ឆ្លើយតបថា៖ គ្មានពេលណាមួយដែលគណបក្សប្រជាជន និងប្រជាជនកម្ពុជា ដែលបានរស់រៀនមានជីវិតពីថ្ងៃ៧មករា ភ្លេចថ្ងៃ៧មករានោះទេ។ បើទោះបីជាត្រូវធ្វើសង្គ្រាមការពារ៧មករា ក៏ត្រូវធ្វើដែរ។ 

សម្ដចតេជោ ក៏បានបញ្ជាក់ដែរថា នេះជាការបញ្ចូនសារ ដើម្បីឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន នៃការធ្វើពិធីនានា និងដើម្បីកុំឲ្យការជួបជុំនេះ ក្លាយជាចំនុចផ្ទុះនៃជំងឺកូវីដ១៩។

ប្រសាសន៍សម្ដេចតេជោ៖ រឿង៧មករា ទោះបីជាវៀតណាមមកជួយ តែវាជាជីវិតរបស់ប្រជាជនខ្មែរទាំងអស់គ្នា៕