រាជធានីភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឱ្យ EDCF ពិនិត្យលទ្ធភាពលើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ក្នុងឱកាសនៃជំនួបជាមួយ លោកស្រី Minnie Chey នាយិកាមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ (EDCF)ថ្មីប្រចាំកម្ពុជា ជំនួស លោកស្រី Lee Hye-Kyung ដែលត្រូវផ្ទេរភារកិច្ចជានាយក EDCF ប្រចាំតំបន់អាស៊ី នាថ្ងៃ២៥ មករា ២០២២។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបាន ជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជារួមមាន៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិ លេខ២ ផ្លូវជាតិលេខ២២ និងគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៤៨ ដែលបានបើកការដ្ឋានសាងសង់នាពេលកន្លងទៅថ្មីៗនេះ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យ EDCF ពិនិត្យលទ្ធភាពលើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ជាពិសេសការប្រើប្រាស់បណ្ដាញផ្លូវទឹករបស់កម្ពុជារួមមាន៖ ទន្លេបាសាក់ ទន្លេមេគង្គក្រោម និងទន្លេមេគង្គលើ ដែលជាប្រភពសក្កានុពលសំបូរបែបសម្រាប់វិស័យដឹកជញ្ជូន ដើម្បីកាត់បន្ថយ ចំណាយលើការដឹកជញ្ជូន និងភស្តុភារកម្ម។
ដោយឡែក លោកស្រីនាយិកា EDCF បានក៏បង្ហាញនូវការតាំងចិត្ត និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបន្តចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់ តែមានការរីកចម្រើនបន្ថែមទៀតផងដែរ៕