ខេត្តពោធិ៍សាត់៖ វិស័យស្មូនដី និងចម្លាក់ថ្ម ចាំបាច់ត្រូវចងក្រងចង្កោមក្រុមអ្នកផលិត បង្កើតទៅជាសមាគមនិងការផ្តួចផ្តើមសិក្សាលទ្ធភាពបង្កើតម៉ាកសមូហភាព។ នេះជាការលើកឡើងរបស់ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ក្នុងឱកាសចុះពិនិត្យ វឌ្ឍនភាពក្នុងការគាំទ្រ និងជំរុញដល់ដំណើរការរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យស្មូនដីកម្ពុជា កាលពីថ្ងៃ ២៤មករា កន្លងទៅ។
អត្ថប្រយោជន៍នៃការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍វិស័យទាំង២ខាងលើ ក៏នឹងក្លាយជាមជ្ឈមណ្ឌលអាជីវកម្ម និងជាចលករស្រូបទាញកំណើនសេដ្ឋកិច្ចមូលដ្ឋានដ៏រស់រវើក រក្សាបាននូវកេរ្តិ៍តំណែលវប្បធម៌ ទេពកោសល្យប៉ិនប្រសប់ អត្តសញ្ញាណភូមិសាស្ត្រ និងបង្កើតបរិយាកាសពាណិជ្ជកម្មលើវិស័យស្មូនដី និងវិស័យចម្លាក់ថ្ម ជាពិសេសជួយបង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលដល់ក្រុមសិប្បករស្មូន និងជាងចម្លាក់ថែមទៀតផង។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា ដើមី្បឱ្យវិស័យស្មូនដី និងចម្លាក់ថ្ម មានដំណើរការប្រកបដោយនិរន្តរភាព ធានាបាននូវគុណភាព សមត្ថភាពផ្គត់ផ្គង់ និងម៉ាកសញ្ញារបស់ផលិតផល និងការសម្គាល់អត្តសញ្ញាណភូមិសាស្ត្រ ចាំបាច់ត្រូវចងក្រងចង្កោមក្រុមអ្នកផលិត បង្កើតទៅជាសមាគម និងការផ្តួចផ្តើមសិក្សាលទ្ធភាពបង្កើតម៉ាកសមូហភាព ដើមី្បជំរុញការប្រកួតប្រជែង ធានាទំនុកចិត្ត និងការទទួលស្គាល់ប្រភពដើមផលិតផលជូនពាណិជ្ជករ និងអ្នកប្រើប្រាស់។
សូមជម្រាបផងដែរថា បច្ចុប្បន្នវិស័យស្មូនដីកម្ពុជា មានសមាជិកអ្នកផលិតប្រមាណជាង ២០០ គ្រួសារ ដែលកំពុងផលិត បើទោះបីជាទីផ្សារបញ្ជាទិញត្រូវរអាក់ខានពីវិបត្តិជំងឺកូវីដ-១៩ក៏ដោយ សិប្បករស្មូនដីនៅតែមានការងារជាបន្តបន្ទាប់ ពិសេសបរិក្ខាសម្រាប់សណ្ឋាគារ និងសម្ភារប្រើប្រាស់ក្នុងគេហដ្ឋានជាដើម។
ដោយឡែកស្ថានភាពវិស័យចម្លាក់ថ្មវិញ អ្នកផលិត និងជាងចម្លាក់មានសរុប៥៥ទីតាំង ចែកចេញជា៣ផ្នែកគឺ៖ ក្រុមហ៊ុនផ្គត់ផ្គង់១ សហគ្រាសផលិត១៨ និងគ្រួសារ៣៦ ហើយវិស័យនេះក៏ទទួលរងផលប៉ះពាល់ ប៉ុន្តែនៅរក្សាបានការបញ្ជាទិញពីទីផ្សារក្នុងស្រុក និងក្រៅប្រទេសរួមមាន៖ ប្រទេសឥណ្ឌា មីយ៉ាន់ម៉ា ស្រីលង្ការ និងប្រទេសថៃឡង់ដ៍។