រាជធានីភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ អាណត្តីទី៥ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការនៃគណកម្មាធិការកណ្ដាលចំនួន ៧៧៥រូប ដែលពិធីនេះ បានប្រារព្ធធ្វើឡើងនៅអគារវិមាន៧មករា នៃស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា (គ៨៥) ។
នៅក្នុងសន្និបាតនេះ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាសមាជិកគណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
សូមជម្រាបជូនថា បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា មានអនុប្រធានចំនួន៤រូប រួមមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ។
គណបក្សប្រជាជនកម្ពុជា មានសមាជិកគណៈកម្មាធិការកណ្តាលសរុបចំនួន ៨៣៧នាក់ក្នុងនោះមានសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន៣៧នាក់ ៕