សម្ដេចក្រហោម ស ខេង ៖ ប៉ូលិសចរាចរណ៍មានភាពលំបាក ធ្វើការហាលភ្លៀង ហាលក្ដៅ ទោះបីប្ដូរវេនគ្នា

ខេត្តកំពង់ចាម៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ទទួលស្គាល់ថា ប៉ូលិសចរាចរណ៍ ពិតជាមានភាពលំបាក ដោយសារពួកគាត់ធ្វើការទាំងយប់ ទាំងថ្ងៃ ហើយហាលភ្លៀង ហាលក្តៅ ទោះបីប្ដូរវេនគ្នាក៏ដោយ ហើយមានភាពតស៊ូ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់បន្តថា «ប៉ូលិសចរាចរណ៍ គ្នាពិបាកណាស់ ហើយប៉ូលិសចរាចរណ៍ហ្នឹងមែនទែនទៅ គឺធ្វើការទាំងយប់ និងទាំងថ្ងៃ នៅប្រចាំការ ភ្លៀងផងក៏នៅនឹង ពេលក្ដៅក៏នៅនឹង ហើយមានអ្នកប្ដូរវេន ហើយពេលខ្លះវេនយប់ ចឹងទៅ អ្នកខ្លះក្រោកពីព្រលឹមឃើញថា តស៊ូ»។

សម្ដេចក្រហោម ស ខេង មានប្រសាសន៍ទទួលស្គាល់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៦ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា កត្តាផ្លូវខ្វះស្លាកសញ្ញា គំនូសសញ្ញា នៅតាមដងផ្លូវជាតិ និងផ្លូវជនបទ បានបង្កជាការលំបាកដល់ការបើកយានយន្ដ បញ្ហាទាំងនេះដោយសារតែខ្វះថវិកា ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ ត្រូវដោះស្រាយ ហើយកិច្ចការនៅសេសសល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជា រដ្ឋបាលរាជធានី-ខេត្ត ខិតខំបន្ដទៀត ពីព្រោះបញ្ហានឹងជាចំណុចមួយសំខាន់ផងដែរ។

សម្ដេចក្រឡាហោម បានពន្យល់បន្ថែមថា បើនៅតាមដងផ្លូវអត់មានស្លាកសញ្ញា នៅពេលប៉ូលិសចរាចរណ៍ទៅចាប់ គេសួរថា មានអ្វីជាសម្អាងមកឃាត់ខ្ញុំ ពីព្រោះផ្លូវនឹងអត់ស្លាកសញ្ញាផង។ សម្ដេចក្រឡាហោម ក៏បានស្នើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យនឹងជំរុញការងារបន្ដទៀត ក្នុងការដាក់ស្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍បន្ថែមទៀត៕