អត្ថបទរឿងអប់រំ៖ ទំនុកចិត្តបីកម្រិត


ថ្ងៃមួយ គ្រូបានយកកូនតុក្កតាបីមកបង្ហាញសិស្សក្នុងថ្នាក់រៀនហើយគ្រូក៏បានប្រាប់ទៅសិស្សឱ្យស្វែងរកចំណុចខុសគ្នារវាងតុក្កតាទាំងបីនេះ។តុក្កតាទាំងបីនេះ គឺដូចៗគ្នាទាំងទំហំ រូបរាង និងវត្ថុធាតុដើម នៃការផលិត។បន្ទាប់ពីសង្កេតយ៉ាងយកចិត្តទុកដាក់រួចហើយ សិស្សៗក៏រកឃើញនៅចំណុចដែលខុសគ្នាគឺតុក្កតាទី១ មានរន្ធនៅក្នុងត្រចៀកទាំងសងខាង។ តុក្កតាទី២ មានរន្ធ នៅក្នុងត្រចៀក និងមាត់។ចំណែកតុក្កតាទី៣ មានរន្ធតែមួយនៅក្នុងត្រចៀកតែម្ខាង។

បន្ទាប់មកគ្រូក៏បានហុចម្ជុលឱ្យទៅសិស្សម្នាក់ ដើម្បីសាកល្បងចាក់ទៅក្នុងរន្ធ ដែលមាននៅលើតុក្កតានោះ។សិស្សក៏បានយកម្ជុលពីគ្រូ ហើយចាក់ចូលទៅក្នុងរន្ធត្រចៀក តុក្កតាទី១។ ម្ជុលក៏បានចេញមកក្រៅ ទៅត្រចៀកម្ខាងទៀត។ សិស្សក៏បន្តចាក់ម្ជុលទៅក្នុងតុក្កតាទី២ ម្តងនេះម្ជុលដែលបានចាក់ចូលរន្ធត្រចៀកនោះ ក៏ធ្លាយចេញមកតាមមាត់។ សិស្សក៏បន្តចាក់ចូលទៅតុក្កតាទី៣ ពេលដែលម្ជុលចាក់ចូលទៅក្នុងរន្ធ ម្ជុលនោះមិនបានធ្លាយចេញមកក្រៅទេ។

គ្រូក៏បានពន្យល់ពីអត្ថន័យនៅពីក្រោយតុក្កតាទាំង៣នោះទៅដល់សិស្ស៖

តុក្កតាទី១ តំណាងឱ្យមនុស្សដែលនៅជុំវិញខ្លួនអ្នកធ្វើពុតថាពួកគេកំពុងតែស្តាប់រឿងរបស់អ្នក ហើយខ្វល់ខ្វាយពីអ្នកប៉ុន្តែវាជាការសម្តែងប៉ុណ្ណោះ។ បន្ទាប់ពីស្តាប់ចប់ ដូចម្ជុលដែលបានចេញទៅក្រៅត្រចៀកតុក្កតាម្ខាងទៀតគឺតំណាងឱ្យអ្វីដែលអ្នកបាននិយាយទៅកាន់ពួកគេ នឹងធ្លាយទៅម្ខាងទៀត (ស្តាប់ចូលត្រចៀកម្ខាងចេញត្រចៀកម្ខាង)។ ដូចនេះក៏ត្រូវពិនិត្យមើលផងដែរ ចំពោះមនុស្សដែលពួកគេមិនចង់ស្តាប់ឬខ្វាយខ្វល់ពីបញ្ហាសំខាន់របស់អ្នក។

តុក្កតាទី២តំណាងឱ្យមនុស្សដែលស្តាប់គ្រប់រឿងរ៉ាវរបស់អ្នក ហើយធ្វើដូចជាពួកគេកំពុងខ្វាយខ្វល់ពីអ្នកប៉ុន្តែ ពួកគេនឹងយកសំដី និងរឿងរ៉ាវអ្នក ទៅប្រាប់អ្នកដទៃដើម្បីគោលបំណងអ្វីមួយ។

ចំណែកតុក្កតាទី៣តំណាងឱ្យជំពូកមនុស្សដែលនឹងរក្សាការសំងាត់ ហើយរក្សាការទុកចិត្តរបស់ អ្នកចំពោះគេ។ពួកគេគឺជាមនុស្សដែលអ្នកអាចរាប់អានបាន។

សរុបមកមុននឹងអ្នកទុកចិត្តអ្នកដទៃ សូមពិនិត្យមើលឱ្យបានច្បាស់លាស់សិន។ បញ្ហាផ្ទាល់ខ្លួនក៏ដូចជា រឿងសំងាត់របស់អ្នក ក៏ពុំគួរប្រាប់ទៅអ្នកដទៃទេ ព្រោះមនុស្សពួកគេភាគច្រើនអាចជាមនុស្សប្រភេទទី១និងទី២។ មនុស្សដែលអ្នកអាចទុកចិត្តបាន ឬជិតស្និទ្ធបំផុតជាប្រភេទទី៣ដែលភាគច្រើនគឺមានដោយកម្រ៕

អត្ថបទសម្រង់ និងកែសម្រួលពី៖ iknow7