វ៉ាក់សាំងAstraZeneca ចំនួន៣០ម៉ឺនដូស ដែលផ្តល់ដោយប្រទេសជប៉ុន នឹងមកដល់នៅថ្ងៃទី១៩ ខែធ្នូ

រាជធានីភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ៣០ម៉ឺនដូសដល់ព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើវ៉ាក់សាំងប្រមាណ១លានដូស ដែលបានផ្តល់ជូនរួចរាល់។ ការសម្រេចនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា។

វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញនៅថ្ងៃទី១៩ ខែធ្នូ ក្រោមការរៀបចំភ័ស្តុភារដោយ COVAX Facility និងគាំទ្រដោយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា៖ ខ្ញុំសង្ឃឹមថាជំនួយនេះនឹងរួមចំណែកបន្ថែមទៀតដល់ជំហានឆ្ពោះទៅរកការងើបឡើងវិញនៃសង្គម និងសេដ្ឋកិច្ច ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា។ ប្រទេសជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់របស់យើង។

ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មី ដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាលគឺជាអាទិភាពចំបងសម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។​ មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសរុបប្រមាណ ច្រើនជាង៦០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រតាមរយៈអង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។

សូមជម្រាបជូនដែរថា ប្រទេសជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងការគាំទ្រហិរញ្ញវត្ថុដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល៕