ទម្លាប់ល្អរបស់ជនជាតិជប៉ុន ដែលគេអាចស្វែងយល់រៀនសូត្រតាម


យើងតែងសម្គាល់ឃើញជនជាតិជប៉ុនជាជនជាតិដែលមានទម្លាប់រស់នៅ ល្អ ការគោរព សុជីវធម៌ និងវប្បធម៌ ប្រពៃណីល្អរបស់ពួកគេ។ ថ្ងៃនេះក្រមាក៏សូមបង្ហាញទម្លាប់ល្អៗសំខាន់ក្នុងស្រទាប់ជីវភាពរស់នៅ របស់ប្រជាជនជប៉ុនដែលប្រិយមិត្តអាចស្វែងយល់បាន៖

.ការចូលចិត្តអាន

ទម្លាប់អាននេះ អាចនិយាយបានថាចាប់ផ្តើមពីការអាន​ Manga ដែលជាប្រភេទសៀវភៅ​ រឿងគំនូរ។ ជនជាតិជប៉ុនគ្រប់វ័យចូលចិត្តអាន Manga ណាស់។ ហើយពេលធំដឹងក្តីបន្តិច ក្មេងៗចូលចិត្តអានសៀវភៅ រឿងប្រលោមលោកនិងសៀវភៅ ចំណេះដឹងទូទៅ  ផ្សេងៗ។ បរិយាកាសសំបូរសៀវភៅ និងសំបូរអ្នកអានសៀវភៅ ទើបធ្វើឱ្យពួកគេភាគច្រើនមានការគិតគូរបានម៉ត់ចត់ត្រឹមត្រូវ និងចរិកឬកពារចាស់ទុំជាងជនជាតិដទៃ។

. ការដាក់ខ្លួនមិនអំ​នួត

ភាគច្រើនអំនួតកើតចេញពីភាពយល់ដឹងនៅ មានកម្រិតគិតថាខ្លួនល្អជាងគេ ពូកែជាងគេ។ ប៉ុន្តែនៅ ពេលបុគ្គលម្នាក់រៀនកាន់តែច្រើនយល់ដឹងកាន់តែខ្ពស់ គេកាន់តែដាក់ខ្លួន ព្រោះគេដឹងថា ខ្លួនគេមិនដឹងរឿងច្រើនយ៉ាងណា។ការយល់ដឹងខ្ពស់ ធ្វើឱ្យមនុស្សមានអារម្មណ៍ថាខ្លួនឯងកាន់តែតូចកាន់តែត្រូវរៀនបន្ថែមគ្មានទៅ ដែនបញ្ចប់។ ហេតុនេះជនជាតិជប៉ុនភាគច្រើនមិននិយាយក្នុងទម្រង់ចំៗ ច្បាស់ៗ នោះទេ ព្រោះគេមិនច្បាស់ថាអ្វីដែលគេដឹងពិតឬមិនពិត។

. ការគិតអំពីអ្នកដទៃ

ពួកគេភាគច្រើនមិនអាត្មានិយមគិតតែពីខ្លួនឯងនោះទេ។ពួកគេតែគិតពីលទ្ធផលនៃអំពើរបស់ខ្លួនថាតើអាចប៉ះពាល់ដល់អ្នកជុំវិញខ្លួនកម្រិតណា។គេធ្វើសកម្មភាពអ្វីមួយ គេគិតពីអ្នកដទៃច្រើន។ ឧទាហរណ៍នៅ ក្នុងរថភ្លើងមានកៅ អីអាទិភាពសម្រាប់មនុស្សចាស់ ជនពិការ និងស្រ្តីមានផ្ទៃពោះជាដើម។នៅ តាមបន្ទប់ទឹកសាធារណៈមានកៅ អី ឬធ្នើសម្រាប់ទារកជាដើម។

. ទំនួលខុសត្រូវខ្ពស់លើសកម្មភាពខ្លួន

ជនជាតិជប៉ុនភាគច្រើនមានទំនួលខុសត្រូវខ្ពស់ចំពោះសកម្មភាពរបស់ខ្លួន។តាំងពីនៅ តូចៗ ពួកគេត្រូវបានបង្រៀនឱ្យចេះធ្វើអ្វីដោយខ្លួនឯង ឱ្យចេះយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់ខ្លួននិងជួយអ្នកដទៃជាដើម។ អ្វីដែលគួរកត់សម្គាល់នោះគឺពួកគេត្រូវបានបង្រៀនឱ្យញ៉ាំបាយឬអាហារឱ្យអស់ពីចាន មិនឱ្យសល់ចាក់ចោលទេ។ ឪពុកម្តាយ និងលោកគ្រូអ្នកគ្រូតែងពន្យល់ណែនាំអំពីដំណើររឿង និងភាពនឿយហត់របស់កសិករទាំងឡាយដែលបានខិតខំដាំនិងថែដំណាំទាំងនោះទម្រាំបានផល និងកម្លាំងកាយចិត្តរបស់ចុងភៅ ដែលបានដាំស្លយ៉ាងយកចិត្តទុកដាក់ទម្រាំបានអាហារមួយពេល។

. ការអប់រំតាមសាលានិងតាមផ្ទះ

ការអប់រំមិនមែនមានតែនៅ សាលារៀនទេ ផ្ទះក៏ជាកន្លែងផ្តល់ចំណេះដឹងដែរ។សីលធម៌នៃការរស់នៅ អាកប្បកិរិយា និងការគោរពចាស់ទុំ ការចេះរៀបចំទុកដាក់របស់របរផ្ទាល់ខ្លួនជាដើមសុទ្ធតែត្រូវបានបង្រៀន ណែនាំយ៉ាងយកចិត្តទុកដាក់។

. ការមិនរំខានអ្នកដទៃ

ជាទូទៅ ជនជាតិជប៉ុនមានភាពស្ងប់ស្ងាត់ និយាយតិចៗសំលេងស្រាលៗ (អាចខុសគ្នាតាមតំបន់)។ រាល់សកម្មភាពដែលគេធ្វើ គេតែងគិតថាតើវាអាចប៉ះពាល់ដល់អ្នកដទៃឬទេ។ដូចជាការមិននិយាយគ្នាឮៗនៅ តាមរថភ្លើងជាដើម។

. ទម្លាប់គិតមុនគូរ

អ្នកធ្លាប់ធ្វើការ ឬរាប់អានជនជាតិជប៉ុនប្រហែលធ្លាប់ចាប់អារម្មណ៍ចំណុចនេះ។ ជនជាតិជប៉ុនភាគច្រើនគិតគូរម៉ត់ចត់ពីគម្រោងការងាររបស់ខ្លួនមុនអនុវត្តដើម្បីជៀសវាង ឬកាត់បន្ថយបញ្ហានានា។

. ការយកចិត្តទុកដាក់លើអនាម័យ

អនាម័យគឺជាបញ្ហាចំបងនៅ ក្នុងជីវភាពរស់នៅ។ មិនថានៅ តាមផ្ទះតាមសាលារៀន ឬទីសាធារណៈ ពួកគេតែងសម្អាត និងរៀបចំសម្ភារៈឱ្យបានស្អាតបាតជានិច្ចជាពិសេសបន្ទប់ទឹក ត្រូវស្អាតជានិច្ច។ ចានបង្គន់ និងបរិវេណជុំវិញ ត្រូវស្ងួតស្អាតនិងគ្មានក្លិន។

អត្ថបទសម្រង់ និងកែសម្រួល៖ ChhoridaLawbrary