គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តពោធិ៍សាត់ ក្រោមជំនួយរបស់ជប៉ុនជិត២២លានដុល្លារ ផ្ដើមបើកការដ្ឋាន

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១៣ខែធ្នូ ឯកអគ្គរាជទូត មិកាមិ បានចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តពោធិ៍សាត់ រួមជាមួយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២១,៩ លានដុល្លារអាមេរិកសម្រាប់គម្រោងនេះ។ ស្ថានទូតសង្ឃឹមថា គម្រោងនេះនឹងត្រូវបានអនុវត្តដោយរលូន និងជោគជ័យ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់។

គម្រោងនេះគ្រោងនឹងបញ្ចប់ត្រឹមខែ សីហា ឆ្នាំ​២០២៣ ដោយមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ក្នុងខេត្តពោធិ៍សាត់នឹងកើនឡើងដល់ចំនួន ១៣​,៨៦០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ហើយគេរំពឹងថា នៅឆ្នាំ ២០២៥ ជាង ៨៦% នៃប្រជាជននៅទីប្រជុំជន និងជាង ៦៧% នៃប្រជាជនក្នុងតំបន់ផ្គត់ផ្គង់ទឹកស្អាត (ជាង ១១ម៉ឺននាក់) ក្នុងខេត្តពោធិ៍សាត់ នឹងទទួលបានផលប្រយោជន៍នេះ៕