ខេត្តកណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារថា៖ ថ្ងៃទី២៤នេះ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ត្រៀមចូលរួមសន្និបាតគណៈកម្មាធិការកណ្តាល ដែលថ្ងៃទី២៤ ខាងមុខនេះចំថ្ងៃសុក្រ ដើម្បីសម្រេចលើបេក្ខភាពទាំងបេក្ខភាពបន្តវេនទាំងស្អីៗ។
នេះបើតាមសាររបស់សម្ដេចតេជោថ្លែងក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ ។
សម្តេចបានលើកឡើងថា គណៈរដ្ឋមន្រ្តីថ្មីនេះជាធនធានល្អរបស់គណបក្សប្រជាជន ដែលមានអាយុក្រោម៦០ឆ្នាំ ហើយសម្តេចបានបញ្ជាក់ទៀតថា ផ្ទៃក្នុងរបស់គណបក្សបានឯកភាពគ្នាថា អ្នកដែលមានអាយុលើពី៦០ឆ្នាំនឹងដើរចេញ។
ប្រសាសន៍សម្ដេចតេជោ៖ ម្សិលមិញប្រជុំផ្ទះខ្ញុំរួចស្រេចបាត់ទៅហើយ ខ្ញុំ, ខេង (សម្តេច ស ខេង), ឈុំ (សម្តេចសាយឈុំ), បាញ់ (សម្តេច ទៀ បាញ់), ម៉ែន សំអន សម្រេចបញ្ជីគណៈរដ្ឋមន្រ្តីរួចបាត់ គណៈរដ្ឋមន្រ្តីបម្រុង ប៉ុន្ដែមិនមែនឆ្នាំ២០២៣ នោះទេ ដោយខ្ញុំនៅតែជាបេក្ខជន ប៉ុន្តែពេលណាមួយគឺជាក់ស្តែង ហើយមាននិរន្តរភាព ក្រុមហ៊ុននានាកុំបារម្ភ អ្នកធ្វើព្រលានយន្តហោះបន្តធ្វើទៅ វាច្បាស់ណាស់ហើយថា បន្ទាប់ពីឪវា គឺកូនវា។