ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប សម្រេចបាន ៩២,៧២ភាគរយ នឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១នេះ

ខេត្តសៀមរាប៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន ៩២,៧២% ។

ក្នុងដំណើរចុះ ពិនិត្យស្ថានភាពនៃការសង់សង់នាពេលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះពិនិត្យបច្ចេកទេសនៃការអ៊ុតកៅស៊ូបេតុង(AC) ការដាំកូនរុក្ខជាតិលម្អសោភ័ណភាពនៅតាមបណ្ដោយទ្រូងផ្លូវ ការអ៊ុតភ្ជាប់មុខតំណបេតុងកៅស៊ូ គំនូសសញ្ញាចរាចរណ៍ គំនូសចែកទ្រូងផ្លូវ រង្វង់មូលព្រះរាជដំណាក់ ខឿនចិញ្ចើមផ្លូវ គំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកថ្មើរជើង និង ការដាំស្មៅនិងផ្កាលម្អរសួន និងការដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈផងដែរ។ 

 ម្យ៉ាងទៀតគឺពិនិត្យគុណភាពនៃការសាងសង់ជម្រុញឲ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឲ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឲ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និង បញ្ចប់តាមផែនការគ្រោងទុក។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឲ្យក្រុមការងារជំនាញបច្ចេកទេសរបស់អង្គភាពសាងសង់ទាំងអស់ជិះកង់ ឬដើរត្រួតពិនិត្យគុណភាពផ្លូវដែលបានអ៊ុតកៅស៊ូរួច ដើម្បីធានាបាននូវគុណភាពរឹងមាំប្រើប្រាស់ជាប់បានយូរអង្វែង និងបានសំណូមពរផងដែរឲ្យក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធ ពិនិត្យ លទ្ធភាពដាំផ្កាមុខផ្លូវចូលទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ស័ក្តិសមជាមជ្ឈមណ្ឌល វប្បធម៌ ប្រវត្តិសាស្រ្ត ក៏ដូចជាជួយបង្កើនសោភ័ណភាពថែមមួយកម្រិតទៀត និងត្រូវយកចិត្តទុកដាក់លើការដឹកជញ្ជូនកៅស៊ូ ស្រោចផ្លូវឲ្យបានហ្មត់ចត់ទៅកាន់ការដ្ឋាន ជៀសវាងកុំឲ្យស្រក់នៅតាមដងផ្លូវ ធ្វើឲ្យបាត់បង់សោភ័ណភាពផ្លូវ ដែលបាន ស្ថាបនារួច។ 

 គួររម្លឹកផងដែរថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៦,៤២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លាន ២១៦ពាន់៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារ ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធ បង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១៕