ចំណុចពិសេស ដែលមនុស្សស្រីច្រើនដាក់ចិត្តស្រលាញ់លើមនុស្សប្រុសណាម្នាក់


ចំណុចពិសេសៗមួយចំនួនត្រូវបានលើកឡើងពីមនុស្សស្រីអំពីលក្ខណៈសម្បត្តិមនុស្សប្រុស ដែលពួកគេអាចមានចិត្តស្រលាញ់លើចំណុចទាំងនោះ ដែលបុរសៗមាន។ចំណុចសំខាន់ៗទាំងនោះ ច្រើនជាភាពកក់ក្តៅ ដែលមនុស្សស្រីអាចផ្ញើវាសនា និងចង់បានបុរសដែលមានចំណុចទាំងនោះជាគូអនាគតទៀតផងដែលមានដូចជា៖

. ល្អរូប ល្អកាយ

ទោះជារឿងបន្ទាប់បន្សំក៏ពិតមែនប៉ុន្តែរូបសម្បត្តិ រាងកាយស្អាតល្អ ក៏មនុស្សស្រីឱ្យតម្លៃលើរឿងនេះដែរ។ ពិតណាស់ទាំងមនុស្សស្រី និងមនុស្សប្រុស ជាធម្មតាតែងប្រាថ្នាចង់បានគូអនាគតដែលមានរូបសម្បត្តិស្អាតពុំមានពិការភាព ក៏ប៉ុន្តែករណីខ្លះវាជារឿងបន្ទាប់បន្សំ។

. មានសមត្ថភាព ជំនាញ

ពិតមែនបុរសៗគួរមានសមត្ថភាព ឬជំនាញណាមួយច្បាស់លាស់ មិនថាការងារ កិច្ចការរកស៊ីនេះក៏ព្រោះថាវាជាភាពកក់ក្តៅ ជាជំហរមួយនៅពេលនារីណាម្នាក់ផ្ញើវាសនាទៅគេ។ ផ្ទុយទៅវិញសាកស្រមៃមើល បើការងារមិនច្បាស់លាស់ កិច្ចការងារផ្សេងៗមិនឆ្លៀតរៀនសូត្រ ថាតើនរណាអាចទុកចិត្តឬឃើញថាគេនឹងអាចដឹកនាំ មើលថែគ្រួសារមួយបាន នៅ ពេលអនាគត?​ ដូច្នេះចំណេះជំនាញពិតប្រាកដគឺជាចំណុចមួយដែលមនុស្សស្រីឱ្យតម្លៃខ្លាំងផងដែរ។

. ចរិយាសម្បត្តិ និងទ្រព្យសម្បត្តិ

ចំណុចសំខាន់ជាងគេដែរនោះគឺអត្តចរិត ឬតាមទម្លាប់ខ្មែរយើងហៅ ថាចរិយាសម្បត្តិ។ មនុស្សដែលមានអត្តចរិតស្លូតបូតចេះគោរពចាស់ទុំ គោរពគ្រួសារ មិត្តភក្តិនាង បុរសនោះតែងមានពិន្ទុច្រើនពីនារីៗ។ ឬឯទ្រព្យសម្បត្តិ គឺជារឿងបន្ទាប់បន្សំមួយផង។

. បុរសមានគោលដៅច្បាស់លាស់

មានគោលដៅច្បាស់លាស់មានការខិតខំប្រឹងប្រែងព្យាយាមដើម្បីសម្រេចគោលដៅ ភាពស្មោះត្រង់ក៏ជាចំណែកមួយធ្វើឱ្យបេះដូងនារីមានចិត្តលើបុរសផងដែរ។ បុរសដែលជាជំហរគ្រួសារអាចផ្តល់ភាពកក់ក្តៅ ទុកចិត្តសម្រាប់នារី នោះក្តីស្រលាញ់ពីមនុស្សស្រីនិងមិនខ្វះនោះឡើយ។

. ករណីពិសេស

ជួនកាល បុរសនិងនារីដែលមាននៅ ជាមួយគ្នាច្រើន និងស្និទ្ធស្នាល ហើយបុរសចេះលះបង់ឬក្នុងកាលៈទេសៈខ្លះ ជួយជ្រោមជ្រែងនាងក្នុងស្ថានភាពលំបាកផ្សេងៗ នារីក៏អាចបាក់ចិត្តមានចិត្តស្រលាញ់បុរសនោះផងដែរ ដែលស្ថានភាពពិសេសនេះអាចកើតឡើងប្រាកដក្នុងជីវិតពិត។

**ក៏នៅមានចំណុចបន្ថែមទៀតដែលមនុស្សស្រីអាចមានចិត្តលើបុរស អីចឹងប្រិយមិត្តក្រមាពិសេសនារីៗកុំភ្លេចចែករំលែកបទពិសោធដល់ក្រមាផង៕