អណ្តើកហ្លួងចំនួន ៥១ក្បាល ត្រូវបានលែងចូលក្នុងទីជម្រកធម្មជាតិតាមប្រព័ន្ធព្រែកស្រែអំបិល

ខេត្តព្រះសីហនុ៖ អង្គការ WCS បានសហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលែងអណ្តើកហ្លួងឬអណ្តើកសរសៃចំនួន ៥១ក្បាល ចូលក្នុងទីជម្រកធម្មជាតិតាមប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ 

ពិធីនេះបានរៀបចំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ព្រះតេជគុណព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព និងលោក ខ្លេមឹន បេកកឺរ (Clemens Beckers) តំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីអាជ្ញាធរពាក់ព័ន្ធផងដែរ។

ការលែងអណ្តើកហ្លួងនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរយៈពេលជិតពីរទសវត្សរ៍ ក្នុងការការពារសំបុកអណ្តើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្តើកទាំងអស់ នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង និងការការពារសត្វអណ្តើកនៅក្នុងសហគមន៍តាមដងព្រែកស្រែអំបិល ដែលគាំទ្រដោយសហភាពអឺរ៉ុប អង្គការ Mandai Nature, Rainforest Trust, US Forest Service, Allan & Patricia Koval Foundation, USAID Feed the Future និង Turtle Survival Alliance។ 

នេះគឺជាការលែងអណ្តើកហ្លួងលើកទីប្រាំមួយចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ចាប់តាំងពីឆ្នាំ ២០១៥ មក ដែលសរុបទាំងប្រាំមួយលើកនេះ មានចំនួន ១៤៧ក្បាល៕ WCS