ឯកឧត្តម ឈាង វុន និង ឯកឧត្តម សួស យ៉ារ៉ា ជាប់ឆ្នោតជាប្រធានគណៈកម្មការទី២ និងទី៥ នៃរដ្ឋសភា

រាជធានីភ្នំពេញ៖ រដ្ឋសភាជាតិ បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់ឯកឧត្តម ឈាង វុន ធ្វើជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) ក្នុងសម័យប្រជុំនៅថ្ងៃទី ២៥ វិច្ឆិកា ២០២១ ម្សិលមិញនេះ ដោយទទួលបានសំឡេងព្រម ១០៦​សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

គណៈកម្មការនេះបានប្រជុំ ដើម្បីជ្រើសរើសប្រធាន ដែលបានបោះឆ្នោតដល់ ឯកឧត្តម ឈាង វុន បានជាប់ឆ្នោតធ្វើជាប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា (គណៈកម្មការទី២) ដែលជាតំណែងចាស់របស់ ឯកឧត្តម ជាម យៀប។

ក្នុងថ្ងៃដដែល ឯកឧត្តម សួស យ៉ារ៉ា ក៏ត្រូវបានជាប់ឆ្នោតជា ប្រធាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន (គណៈកម្មការទី៥) ជំនួសឯកឧត្តម ឈាង វុន។

ឯកឧត្តម នឹម ច័ន្ទតារា (ស្វាមី លោកជំទាវ ហ៊ុន ស៊ីណាត) ក៏បានជាប់ឆ្នោតជា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។

ឯកឧត្តម ទី សុគន្ធ ក៏ត្រូវបានជាប់ឆ្នោត ជាលេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន៕