រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាដ៏មានសារសំខាន់ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប(ASEM-13) លើកទី១៣ ក្រោមមូលបទ "ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម" ។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣(ASEM-13) ត្រូវបានចាប់ផ្តើមដំណើរការ ដោយមានការអញ្ជើញចូលរួម ពីប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន ៥១រូប អមដោយមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប និងអគ្គលេខាធិការអាស៊ានផងដែរ។
បន្ទាប់ពីការផ្សាយវីដេអូបង្ហាញពីវប្បធម៌ និងអរិយធម៌របស់ខ្មែរហើយនោះ កិច្ចប្រជុំដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំ បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូល។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសូមថ្លែងអំណរគុណ ជូនដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងស្ថាប័នដៃគូ ASEM ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM-13)។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ពីផលលំបាកទាំងឡាយបង្កឡើងដោយជំងឺកូវីដ១៩ ក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ។ សម្តេចតេជោ ក៏បានបង្ហាញនូវកិច្ចប្រឹងប្រែងរបស់ប្រទេសអាស៊ី-អឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ សម្តេចតេជោ បានមានប្រសាសន៍ទៀតថា កិច្ចប្រជុំកំពូល ASEM-13 នាថ្ងៃនេះ គឺជាឱកាសដ៏ទាន់ពេលមួយ សម្រាប់ថ្នាក់ដឹកនាំ ASEM បញ្ជាក់សាជាថ្មី អំពីសារសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកល ដែលជាក្ដីបារម្ភរួមគ្នា។
ខាងក្រោមនេះ គឺជាសុន្ទរកថាសម្តេចតេជោ ដែលបានថ្លែងបើកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣(ASEM-13)៖