រឿងអប់រំខ្លី៖ បុរសអ្នកកាប់អុស


មានអ្នកកាប់អុសដ៏ខ្លាំងក្លាម្នាក់បានសុំការងារនៅកន្លែងលក់ឈើមួយកន្លែង ហើយគាត់ក៏ទទួលបានការងារនៅទីនោះ។ប្រាក់ខែដែលបុរសអ្នកកាប់អុសនោះទទួលបាន គឺសមទៅនឹងលក្ខខណ្ឌការងារ។ ដោយសារតែហេតុនោះហើយទើបបានជាអ្នកកាប់អុសប្តេជ្ញាចិត្តធ្វើវាឱ្យបានល្អ។

ថៅកែរបស់គាត់បានឱ្យពូថៅដ៏មុតមួយទៅគាត់ហើយបង្ហាញទីតាំងដែលគាត់ត្រូវទៅកាប់។

ថ្ងៃដំបូង បុរសអ្នកកាប់អុស កាប់បាន១៨ដើម។

“ពិតជាល្អខ្លាំងណាស់!” ថៅកែលាន់មាត់សរសើរគាត់ “ខំប្រឹងបន្តទៀត!”

ពាក្យសម្តីសរសើររបស់ថៅកែជាការជំរុញលើកទឹកចិត្តដ៏ខ្លាំងមួយ។ថ្ងៃបន្ទាប់ បុរសអ្នកកាប់អុសបានខិតខំប្រឹងជាខ្លាំងប៉ុន្តែគាត់កាប់បានតែ១៥ដើមតែប៉ុណ្ណោះ។ ថ្ងៃបន្ទាប់ទៀត បុរសខំប្រឹងកាន់តែខ្លាំងថែមទៀតប៉ុន្តែ គាត់អាចកាប់បានត្រឹមតែ១០ដើមទេ។ ថ្ងៃបន្ទាប់ៗទៀត គាត់កាប់បានកាន់តែតិចទៅៗបើទោះបីជាគាត់ខំប្រឹងខ្លាំងយ៉ាងណាក៏ដោយ។

គាត់និយាយក្នុងចិត្តតែម្នាក់ឯងថា “ខ្ញុំប្រហែលចុះខ្សោយកម្លាំងហើយមើលទៅ”។គាត់ក៏បានទៅជួបថៅកែរបស់គាត់ ហើយនិយាយសុំទោស។ គាត់មិនដឹងថាមកពីមូលហេតុអ្វីនោះទេបានជាមិនអាចកាប់បានច្រើន បើទោះបីជាគាត់ខំប្រឹងខ្លាំងយ៉ាងណាក៏ដោយ។

“តើអ្នកសំលៀងពូថៅរបស់អ្នកចុងក្រោយនៅពេលណា?”ថៅកែសួរទៅកាន់គាត់។

“សំលៀង? ខ្ញុំគ្មានពេលក្នុងការសំលៀងពូថៅទេ។ខ្ញុំរវល់តែខំប្រឹងកាប់ឈើ”។

ន័យអប់រំ៖ ជីវិតរបស់យើងក៏ដូច្នេះដែរ។ពេលខ្លះយើងរវល់ខ្លាំង ដែលមិនអាចឱ្យពួកយើងមានពេលដើម្បីរីករាយ។នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ វាហាក់ដូចជាមនុស្សគ្រប់គ្នាកាន់តែរវល់ឡើងៗ ប៉ុន្តែភាពរីករាយកាន់តែតិចទៅៗ។

តើមកពីហេតុអ្វី? តើអាចមកពីពួកយើងភ្លេចរស់នៅជាមួយនឹងភាពរីករាយ? វាមិនទាស់ខុសនោះទេដែលមនុស្សម្នាក់ៗមមាញឹកនិងខិតខំធ្វើការ។ ក៏ប៉ុន្តែ ពួកយើងគួរតែកុំរវល់ដល់ថ្នាក់មិនអើពើចំពោះ ភាពសំខាន់ដ៏ពិតប្រាកដនៅក្នុងជីវិតដូចជាជីវិតរបស់យើងផ្ទាល់ ការចំណាយពេលវេលានៅជិតស្និទ្ធជាមួយនឹងឪពុកម្តាយ ផ្តល់ពេលវេលាឱ្យបានច្រើនជាមួយក្រុមគ្រួសារឬចំណាយពេលវេលារៀនអ្វីថ្មីៗបន្ថែម។

យើងទាំងអស់គ្នាត្រូវការពេលវេលាដើម្បីបន្ធូរអារម្មណ៍ដើម្បីគិត និងពិចារណា ដើម្បីរៀន និងពង្រីកចំណេះដឹង។ប្រសិនបើអ្នកមិនចំណាយពេលសំលៀងពូថៅរបស់អ្នកទេនោះយើងនឹងរិលបន្តិចម្តងៗរហូតបាត់បង់ប្រសិទ្ធភាពរបស់យើង៕

អត្ថបទសម្រង់ និងកែសម្រួល៖ ismilemaz;