សម្ដេចតេជោ ហ៊ុន សែន បានជម្រុញឲ្យមានការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញ

រាជធានីភ្នំពេញ៖ ក្នុងជំនួបរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចតេជោ បានស្នើឲ្យទូតថ្មី ជំរុញឲ្យមានការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញ ក្រោយពីបានផ្អាកដោយសារការរាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសទាំងពីរ។

នយោបាយចាក់ស្រោចវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់កម្ពុជា ដែលទទួលបានជោគជ័យយ៉ាងធំធេង ដែលធ្វើឲ្យកម្ពុជា បានសម្រេចបើកដំណើរការសេដ្ឋកិច្ច សង្គម លើគ្រប់វិស័យឡើងវិញ ចាប់តាំងពីថ្ងៃទី១​ខែវិច្ឆិកា និងចំនួនអ្នកឆ្លងប្រចាំថ្ងៃស្ថិតក្នុងរង្វង់ត្រឹមតែ៣០នាក់។

ក្នុងជំនួបនេះផងដែរ សម្ដេចតេជោ បានលើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ផ្ដោតការយកចិត្តទុកដាក់ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកធំធាត់ថែមទៀត។ 

លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យមានការរៀបចំកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ និងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។ល។