ក្រុមហ៊ុន GoDaddy ប្រកាសអំពីការជ្រៀតចូលទិន្នន័យជាង១លានគណនី ដែលប៉ះពាល់ដល់សេវាកម្ម WordPress

បច្ចេកវិទ្យា៖ ក្រុមហ៊ុន GoDaddy បានប្រកាសតាម email អំពីការរកឃើញការជ្រៀតចូលទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យ របស់សេវាកម្ម WordPress ដោយប្រើលេខសម្ងាត់ដែលបានបែកធ្លាយ។ 

ក្រុមហ៊ុនបាននិយាយថា ឧប្បត្តិហេតុត្រូវបានរកឃើញនៅថ្ងៃទី 17 ខែវិច្ឆិកា ហើយភាគីទីបីបានលួចចូលប្រើប្រព័ន្ធ តាំងពីខែ កញ្ញាមកម៉្លេះ។ នៅក្នុងការវាយប្រហារនេះ ក្រុមជនខិលខូចបានលួចទាញយកគណនីអុីមែល និងលេខសម្គាល់អតិថិជនចំនួនប្រមាណ ១,២ លាននាក់។ 

ឈ្មោះសម្គាល់គណនី និងលេខសម្ងាត់ សម្រាប់ចូលទៅក្នុងប្រព័ន្ធ sFTP និងផ្ទុកទិន្នន័យជាច្រើន ក៏ត្រូវបានបែកធ្លាយ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ទាំងនោះហើយ។

សូមជម្រាបជូនដែរថា នៅឆ្នាំ ២០១៨ ភាពចន្លោះប្រហោងនៅក្នុងប្រព័ន្ធ AWS បានធ្វើឱ្យទិន្នន័យនៅលើម៉ាស៊ីនមេ GoDaddy ត្រូវបានបែកធ្លាយ ហើយនៅឆ្នាំ២០២០ គណនីអ្នកប្រើប្រាស់ចំនួន ២៧ ០០០ ត្រូវបានជ្រៀតចូលដោយគ្មានការអនុញ្ញាតផងដែរ។

ជាការក្រើនរំឮក សូមអ្នកប្រើប្រាស់ប្រើលេខសម្ងាត់ដែលពិបាកស្មាន ហើយម្យ៉ាងវិញទៀតលោកអ្នកត្រូវតែចៀសវាងប្រើលេខសម្ងាត់ដូចៗគ្នា ពីគណនីមួយទៅគណនីមួយទៀត៕