ទីក្រុង Dubai៖ ប្រតិភូកីឡាកម្ពុជា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការចុះហត្ថលេខា ទទួលសិទ្ធិធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Games 2029) ជាផ្លូវការហើយ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុង មហាសន្និបាតលើកទី៤០ របស់ ក្រុមប្រឹក្សាអូឡាំពិកអាសុី (OCA) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នាព្រឹកថ្ងៃទី ២១-១១-២០២១។
មហាសន្និបាតនេះ ដោយមានការចូលរួមពីប្រតិភូអូឡាំពិកមកពី៤៥ ប្រទេសនៃទ្វីបអាសុី ក្រោមអធិបតីភាពលោក Thomas Bach ប្រធានអូឡាំពិកអន្តរជាតិ (IOC) និងលោក Randhir Shing ប្រធានស្តីទីក្រមប្រឹក្សាអូឡាំពិកអាសុី ។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅសណ្ឋាគារ Hilton នាទីក្រុង Dubai ប្រទេសអារ៉ាប់រួម រវាងថ្នាក់ដឹកនាំប្រតិភូកីឡាកម្ពុជា ជាមួយប្រធានស្ដីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដោយលោករដ្ឋមន្ដ្រី ថោង ខុន ក្នុងនាម NOCC បានចុះហត្ថលេខាក្នុងនាមអ្នករៀបចំព្រឹត្តិការណ៍ ខណៈលោក ឃួង ស្រេង បានចុះហត្ថលេខាក្នុងនាមម្ចាស់ផ្ទះ ដែលនឹងរៀបចំនៅរាជធានីភ្នំពេញ៕
ដេីម្បីលេីកទឹកចិត្តបន្ថែមដល់កម្ពុជា ក្រុមប្រឹក្សាអូឡាំពិកអាសុីបានផ្តល់គម្រោងសាងសង់មជ្ឈមណ្ឌលសារៈមន្ទីរអូឡាំពិក (Olympic Museum Center) ដ៏ធំមួយ និងមានសារៈសំខាន់ដល់កម្ពុជាសម្រាប់រក្សាសវតា និងស្នាដៃកីឡាជាតិ និងចលនាអូឡាំពិកជូនយុវជន អ្នកស្រាវជ្រាវវិស័យកីឡានៅកម្ពុជា ក៏ដូចសម្រាប់ពិភពលោក ៕