ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន១៨០លានដុល្លារ ដើម្បីជួយដល់ក្រុងចំនួន៣នៅកម្ពុជា ធ្វើឲ្យប្រសើរនូវហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងបង្កើនលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។
គម្រោងវិនិយោគ ដើម្បីទីក្រុងដែលអាចរស់នៅបាន (Livable Cities Investment Project) នេះ នឹងជួយប្រជាពលរដ្ឋជាង១៤ម៉ឺននាក់ នៅក្រុងបាវិត កំពត និង ប៉ោយប៉ែត ឲ្យទទួលបានសេវាគ្រប់គ្រង ទឹកលូ និង សំណល់រឹងបានល្អប្រសើរ។ វានឹងជួយទីក្រុងទាំងនេះ កាត់បន្ថយទឹកជំនន់ តាមរយៈការធ្វើឲ្យ ប្រសើរឡើងនូវប្រព័ន្ធ បង្ហូរទឹកភ្លៀង និងប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង។ គម្រោងនេះក៏មានគោលបំណង ពង្រឹងសមត្ថភាពរដ្ឋបាលក្រុង ក្នុងការផ្តល់សេវាទីក្រុងផងដែរ។
លោកស្រី Wei Kim Swain អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ ADB បានលើកឡើងថា៖ប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនកំពុងផ្លាស់ទីលំនៅទៅកាន់ក្រុងលំដាប់ទីពីរ [secondary cities] ប៉ុន្តែ លទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មទីក្រុង រួមទាំងបរិស្ថានមិនសូវល្អ បានធ្វើឲ្យជីវភាពរស់នៅកាន់តែពិបាក និងប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ចទីក្រុង។
លោកស្រីបន្ដថា គម្រោងនេះ នឹងជួយរាជរដ្ឋាភិបាល ធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកស្អាត អនាម័យ និងកាកសំណល់ និង លើកកម្ពស់កម្រិតជីវភាពជាពិសេស ក្នុងចំណោមគ្រួសារដែលមានប្រាក់ចំណូលទាប ដែលងាយរងគ្រោះផ្នែកសុខភាព សេដ្ឋកិច្ច និង ផលប៉ះ ពាល់បរិស្ថាន ដោយសារអនាម័យមិនល្អ។ វាក៏នឹងជួយអាជ្ញាធរ ក្រុងទាក់ទាញការវិនិយោគវិស័យឯកជន និងបង្កើតការងារផងដែរ។
ចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងនៅកម្ពុជា បានកើនឡើងដល់៦លាននាក់ក្នុងឆ្នាំ ២០១៩ ពី២.៦លាននាក់ ក្នុងឆ្នាំ២០០៨ ដែលបានបង្កជាបញ្ហាប្រឈមដល់រដ្ឋបាល ក្រុង ក្នុងការផ្តល់សេវាកម្ម។ នៅឆ្នាំ២០១៩ ប្រមាណ៤៧% នៃប្រជាពលរដ្ឋរស់នៅតាមទីក្រុងនៅប្រទេសកម្ពុជា ទទួលបានការផ្គត់ផ្គង់ ទឹកស្អាតតាមលំនៅដ្ឋាន។ ទឹកលូដែលមិនបានសម្អាត ជាទូទៅ ត្រូវបង្ហូរទៅក្នុងទីចំហ តាមរយៈលូរួម និង លូទឹកបង្កប់តាមផ្លូវ ឬ ដោយប្រយោលតាមប្រឡាយចំហ។ សេវាកម្មសម្អាតសំណល់រឹង ក៏នៅមានកម្រិត។ មួយភាគធំនៃសំណល់រឹងត្រូវបានទុកចោល ចាក់ចូលក្នុងប្រឡាយចំហ ទីវាល ឬ ដុតចោល។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិកម្ពុជា ឆ្នាំ២០១៩-២០២៣ មានគោលបំណងដោះស្រាយ បញ្ហាប្រឈមទាំងនោះ។ ផែនការនេះ ផ្តល់អាទិភាពដល់ការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមទាំងការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ហើយកំណត់ទិសដៅជាតិសម្រាប់ក្រុងទាំងអស់ ដើម្បីទទួលបាន ទឹកស្អាតត្រឹមឆ្នាំ ២០២៥ និង ពង្រឹងការគ្រប់គ្រងកាកសំណល់រឹង។
យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣ គាំទ្រដល់កំណើនសេដ្ឋកិច្ចនៅតាមច្រករបៀងសេដ្ឋកិច្ច ភាគខាងត្បូង នៃមហាអនុតំបន់មេគង្គ (Greater Mekong Subregion) ដែលរួមមានក្រុងបាវិត កំពត និង ប៉ោយប៉ែត។ ក្រុងបាវិត និង ប៉ោយប៉ែត គឺជាច្រកចូលទៅកាន់ ប្រទេសវៀតណាម និង ប្រទេសថៃ ហើយទីក្រុងកំពង់ផែកំពត បានក្លាយជាគោលដៅទេសចរណ៍។
នៅក្រុងបាវិត និង ប៉ោយប៉ែត គម្រោងនេះ នឹងគាំទ្រដល់ការស្តារប្រឡាយដែលមានស្រាប់ និង ការ សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកសំណល់ បណ្តាញលូបង្ហូរ ទឹកភ្លៀងថ្មី និង កន្លែងចាក់សំរាម។ នៅក្រុងកំពតគម្រោងនេះ នឹងពង្រីកបណ្តាញលូទឹកស្អុយ និង គាំទ្រផែនការសម្រាប់រដ្ឋបាលខេត្ត ដើម្បីពង្រឹងការ ផ្តល់សេវាកម្មគ្រប់គ្រាន់។
គម្រោងនេះ ក៏នឹងបង្កើតផែនទីបង្ហាញផ្លូវ ដើម្បីបង្កើនការប្រមូលចំណូលដោយរដ្ឋបាលក្រុង ដែលកំពុងពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ឧបត្ថម្ភធន ពីរដ្ឋបាលថ្នាក់ជាតិ ដើម្បីផ្តល់សេវាកម្ម។ ផែនទីបង្ហាញផ្លូវនឹង រួមបញ្ចូលកំណែទម្រង់ពន្ធគយដើម្បីចំណាយលើប្រតិបត្តិការ និង ការថែទាំទីក្រុង និង ផែនការដើម្បីធានា បាននូវការផ្តល់សេវា ប្រកបដោយប្រសិទ្ធភាព រួមទាំងការវាយតម្លៃអំពីឱកាសសម្រាប់ការចូលរួមពីវិស័យ ឯកជន។
គម្រោងថ្មីរបស់ ADB នេះ នឹងត្រូវបានគាំទ្រដោយជំនួយបច្ចេកទេសចំនួន២ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction)។ ជំនួយបច្ចេក ទេសនេះនឹងផ្តោតលើការអភិវឌ្ឍ ទីក្រុងប្រកបដោយនិរន្តរភាព និងភាពធន់នឹងអាកាសធាតុ រួមទាំងការធ្វើឲ្យប្រសើរឡើង នូវផែនការ ប្រើប្រាស់ដី ក៏ដូចជាសមត្ថភាពស្ថាប័ន និង អភិបាលកិច្ច។ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងធ្វើការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងការសម្របសម្រួល ជាមួយទីក្រុង ក៏ដូចជាក្រសួងដែលពាក់ព័ន្ធ ដើម្បីធ្វើកំណែទម្រង់ច្បាប់និងគោលនយោបាយជាតិ៕