រាជធានីភ្នំពេញ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យនិងវាយតម្លៃដោយផ្ទាល់នូវស្ថានភាពហក់ឡើងនៃស្ទឹងព្រែកត្នោតសារជាថ្មី ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ។ ការចុះពិនិត្យស្ថានភាពនេះ បានធ្វើឡើងនៅថ្ងៃ ព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក។
ឯកឧត្តម លឹម គានហោ បានបញ្ជាដល់គ្រប់មុខព្រួញទាំងអស់ធ្វើសកម្មភាពអស់រយៈពេល៣ថ្ងៃមកហើយ ក្នុងការតាមដានត្រួតពិនិត្យជាប្រចាំគ្រប់គោលដៅនិងប្រើគ្រឿងចក្រដឹកជញ្ជូនដីចាក់បំពេញបន្ថែមពង្រឹងសារជាថ្មី នៅចំណុចមួយចំនួនដែលបាត់បង់ដីពង្រឹងកម្ពស់ទំនប់នាពេលជំនន់កន្លងមក បើទោះបីសភាពការណ៍មិនទាន់ធ្លាក់ដល់កម្រិតធ្ងន់ធ្ងរយ៉ាងណាក្តី។
រហូតដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថានភាពនៅទំនប់៧មករា ៖ ទឹកមានកម្ពស់ ៥,០៥ម៉ែត្រ , ទឹកហូរលើទំនប់បង្ហៀរ ០,២៥ម៉ែត្រ ។ រីឯស្ថានភាពនៅប៉ែកខាងក្រោមពុំទាន់មានបញ្ហាប្រឈមនៅឡើយនោះទេ ដោយកម្ពស់ទឹកនៅទាបជាងជំនន់នាពេលកន្លងមកពីកម្ពស់ ១,១០ម៉ែត្រ ទៅ១,៤០ម៉ែត្រ៕