រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានស្នើតាមរយៈឯកអគ្គរដ្ឋទូតចិននៅកម្ពុជា ទៅកាន់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីចិន ដើម្បីជំរុញឱ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងចិននៅប្រទេសកម្ពុជាផងដែរនៅពេលខាងមុខ។ ការថ្លែងបែបនេះនៅក្នុងពិធី អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន ២លានដូសបន្ថែមទៀត នៅព្រឹកថ្ងៃពុធ ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ធ្វើដូច្នេះកម្ពុជាមានលទ្ធភាពដើម្បីទិញវ៉ាក់សាំងដែលផលិតនៅក្នុងរោងចក្រដែលផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចាក់នៅក្នុងប្រទេសខ្លួនឯងផង ហើយកម្ពុជាក៏មានលទ្ធភាពដើម្បីចែកចាយវ៉ាក់សាំងនេះទៅកាន់ប្រទេសដទៃ តាមរយៈនៃការបញ្ជាទិញរបស់ប្រទេសដទៃផងដែរ។
សម្ដេចតេជោសង្ឃឹមថា ឯកអគ្គរដ្ឋទូតចិន នឹងបញ្ជូនសំណើរបស់សម្តេចទៅកាន់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង និង ឯកឧត្តមនាយករដ្ឋមន្រ្តី លី ខឺឈាង ក៏ដូចជាផ្នែកពាក់ព័ន្ធដទៃទៀតឱ្យបានឆាប់រហ័ស ដើម្បីបើកឱ្យមានការផលិតវ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា។
គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មិត្តចិនបានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៦,៨០០,០០០ដូស ដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយ ៨លាន ៣សែនដូស។ ជំនួយវ៉ាក់សាំងបន្ថែម២លានដូលនៅថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាពលរដ្ឋទូទៅ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ និងចាក់វ៉ាក់សាំងដូសមូលដ្ឋានជូនដល់កុមារអាយុ៥ឆ្នាំ ក្នុងក្របខណ្ឌទូទាំងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន ក៏បន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមប្រញាប់បន្តទៅចាក់វ៉ាក់សាំងអោយគ្រប់ចំនួនដូសទាំងអស់គ្នា និងបានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន ជៀសផុតពីជម្ងឺកូវីដ-១៩ ទាំងអស់គ្នា៕