បង្កើតតុល្យភាពប្រចាំថ្ងៃ ពេលសម្រាប់ការងារ និងខ្លួនឯងតាមវិធីសាមញ្ញទាំងនេះ


ស្វែងរកតុល្យភាពជីវិតអាចថាជារឿងពិបាក ប៉ុន្តែនៅតែមានវិធីអាចធ្វើបាន តាមរយៈការសាកល្បង។ ដើម្បីស្វែងរកសមតុល្យឬតុល្យភាពនៃជីវិតនោះ គឺអាស្រ័យនឹងស្ថានភាពយើងម្នាក់ៗដែលអាចកែខៃបានដោយខ្លួនឯងតាមរយៈវិធីសាមញ្ញដូចខាងក្រោម៖

. គូសសកម្មភាពឱ្យឃើញឡើង

អ្នកអាចគូសចេញនូវសកម្មភាពប្រចាំថ្ងៃថាក្នុងមួយថ្ងៃត្រូវចំណាយពេលធ្វើអ្វីខ្លះ និងសល់ពេលទំនេរនៅម៉ោងណាខ្លះ។ ការគូសបញ្ជីសកម្មភាពចេញមកគឺជួយឱ្យអ្នកអាចគិតគូរឱ្យអាទិភាព ចំណុចសកម្មភាពណាដែលគួរបន្ថយឬសកម្មភាពណាដែលគួរចំណាយពេលយកចិត្តទុកដាក់បន្ថែម។ ដូចនេះ អ្នកខ្លួនឯងនឹងដឹងថាពេលណាសំខាន់ជាងសកម្មភាពមួយទៀត និងពេលវេលាសម្រាប់ខ្លួនឯងជាដើម ក្នុងនោះពេលវេលាបន្ថែមសម្រាប់អ្នកដែលនៅសល់អាចបន្ថែមសម្រាប់ការហាត់យូហ្គាការធ្វើសមាធិ ឬសម្រាកជាដើម។

.​​ អាទិភាពសុខភាព

អាទិភាពសុខភាពចំណុចនេះគឺសម្តៅទៅលើការរកមើលពេលវេលាខ្លះ ដើម្បីអ្នកអាចផ្តោតទៅលើសុខភាព ទាំងរបបអាហារការហាត់ប្រាណ និងដំណេក។​ នេះក៏ព្រោះថា​ សុខភាពជាទ្រព្យមានតម្លៃមួយសម្រាប់ជីវិតដូច្នេះការចំណាយពេលពិនិត្យមើលសកម្មភាពល្អៗដល់សុខភាពគឺជារឿងគួរយកចិត្តទុកដាក់ផង។

. ក្លាយជាអ្នកក្រោកពីព្រឹកព្រលឹម

ពិតណាស់ទម្លាប់ក្រោកពីព្រឹកព្រលឹមនឹងជួយអ្នកចំណេញពេលវេលា បានធ្វើសកម្មភាពច្រើនទុកមុនក្នុងមួយថ្ងៃ។ ម្យ៉ាងទៀតការរៀនទម្លាប់ក្រោកពីព្រលឹមក៏ជួយឲ្យអ្នកក្លាយជាមនុស្សឧស្សាហ៍ និងសកម្មទៅនឹងកិច្ចការពេលព្រឹកព្រលឹមជាច្រើនដែលវាជួយអ្នកបានសល់ពេលសម្រាប់កិច្ចការផ្សេងៗទៀត។

. ទម្លាប់តូចៗប្រចាំថ្ងៃ

វាត្រូវចំណាយពេលប្រហែល៦០ទៅ៩០ថ្ងៃ សម្រាប់បង្កើតទម្លាប់ល្អមួយ។ ព្យាយាមមានទម្លាប់ល្អៗ ទាំងពេលព្រឹក ថ្ងៃនិងល្ងាច។ ពេលព្រឹកអ្នកអាចរីករាយនឹងសកម្មភាពរៀបចំកន្លែងគេង បោសសម្អាត ចម្អិនអាហារពេលព្រឹក។សម្រាប់ពេលថ្ងៃចន្លោះម៉ោងសម្រាកពីការងារអាចផ្តល់នូវថាមពលដល់ខ្លួនឯងគឺការគេងថ្ងៃមួយស្រឡេតដើម្បីផ្តល់ថាមពលរាងកាយនិងផលិតភាពដល់ខួរក្បាលរបស់អ្នកវិញ។ ដោយឡែក នាពេលល្ងាចអ្នកអាចពិនិត្យមើលកិច្ចការឡើងវិញអ្វីដែលបានធ្វើក្នុងថ្ងៃនេះ និងអ្វីជាកិច្ចការអាទិភាពសម្រាប់ថ្ងៃស្អែកហើយក៏កុំភ្លេចទុកពេលសម្រាប់ការសម្រាករបស់អ្នកផងដែរ៕