ខេត្តសៀមរាប៖ ការសាងសង់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ជិតចប់ជាស្ថាពរ ដោយលទ្ធផលត្រឹមថ្ងៃទី ១០ វិច្ឆិកា នេះសម្រេចជារួមបាន ៨៩,៣៩% នៃទំហំការងារសរុប។
នេះបើតាតាមលទ្ធផលនៃរបាយការណ៍ក្រោយការចុះពិនិត្យ អនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ ការស្តារ-កែលម្អដងស្ទឹងសៀមរាប នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោមវត្តមានរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង និងមានការអញ្ជើញចូលរួមសមាជិកគណៈកម្មការអន្តរក្រសួង ព្រមទាំងមន្ត្រីជំនាញនៃក្រសួងការពារជាតិ ក្រសួងរៀបចំដែនដី នគរូបនី យកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូនជាច្រើនរូបទៀត។
ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ គិតត្រឹម ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ រួមមាន ការងារស្ថាបនាតួផ្លូវ ការងារសាងសង់ប្រព័ន្ធលូទឹកកខ្វកនិង លូទឹកភ្លៀង និងការងារដំឡើងបរិក្ខារផ្លូវថ្នល់ ក្នុងនោះមានការងារបំពាក់កាមេរ៉ាសុវត្ថិភាព បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ បរិក្ខារចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងការដាំដើមឈើ សម្រេចជារួមបាន ៨៩,៣៩% នៃទំហំការងារសរុប។
ការស្ដារ-កែលម្អដងស្ទឹងសៀមរាបទាំងសងខាង ចាប់ពីស្ពានប៊ើកកដល់អាងក្រពើ ប្រវែង សរុប ៩ ០៥០ ម៉ែត្រ គិតត្រឹមថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២១ រួមមានការសម្របសម្រួលដោះស្រាយ សំណង់បណ្តោះអាសន្នចេញពីដងស្ទឹងសម្រេចបាន ១០០% ហើយការងាររៀបចំភ្លើងបំភ្លឺសាធារណៈ តាមដងស្ទឹង សម្រេចជារួមបាន ៦៦% នៃផែនការ។
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបដែលនឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២១ ដេីម្បីត្រៀមទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងនាខែមករា ឆ្នាំ២០២២ ខាងមុខនេះ៕