រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្ដេចយាងចាកចេញពីពីកម្ពុជា តាមព្រះទីនាំងយន្តហោះពិសេស ដើម្បីចូលរួមក្នុងពិធីបើកសម័យប្រជុំមហាសន្និបាតលើកទី៤១ ក្នុងឱកាសបុណ្យខួបទី៧៥ នៃអង្គការយូណេស្កូ នៅសាធារណរដ្ឋបារាំង ដែលជាការតបតាមការយាងរបស់លោកជំទាវ អូដ្រេយ អាហ្សួឡេយ (Audrey Azoulay) អគ្គនាយិកានៃអង្គការយូណេស្កូ។
នៅក្នុងព្រះរាជសាររបស់ព្រះអង្គ បានផ្ញើជូនជនរួមជាតិ ព្រះអង្គបានគូសបញ្ជាក់ថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចូលរួមក្នុងពិធីបើកសម័យប្រជុំមហាសន្និបាតលើកទី៤១ ក្នុងឱកាសបុណ្យខួបទី៧៥ នៃអង្គការយូណេស្កូ នៅសាធារណរដ្ឋបារាំង។
នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។ នៅរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចប្រមុខរដ្ឋស្ដីទី នឹងអញ្ជើញជាព្រះរាជតំណាងនៃទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិ នៅវិមានឯករាជ្យ»។
គួរជម្រាបជូនដែរថា មហាសន្និបាតលើកទី៤១របស់អង្គការយូណេស្កូ ក្នុងឱកាសបុណ្យខួបទី៧៥នៃអង្គការនេះ នឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។