សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។ អគារនៃក្រសួងនេះសាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានទំហំតួអគារបណ្ដោយប្រវែង ១៣២.៧ ម៉ែត្រ និងទទឹងប្រវែង ៩៤.៧ម៉ែត្រ មានចំនួន ៨ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលបុស្បុក ៨៨.៥ម៉ែត្រ ក្នុងនោះមានកម្ពស់បុស្បុក ៣៣.២៨ម៉ែត្រ មានចំណតរថយន្តប្រមាណ ៤៥០គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលនៃអគារទីស្ដីការក្រសួងរៀបចំដែនដីន គរូបនីយកម្ម និងសំណង់ដែលត្រូវដាក់ឲ្យប្រើប្រាស់នាពេលនេះទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដាសតឿនរំលឹក ដល់មន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់អោយខិតខំបំពេញការងារអោយបានល្អប្រសើរ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា ត្រូវរួមថែរក្សាសមិទ្ធផលដែលកើតមាននេះអោយបានគង់វង្សប្រើប្រាស់អោយបានយូរអង្វែង មានកន្លែងធ្វើការល្អហើយ ត្រូវធ្វើការអោយមានប្រសិទ្ធភាព​ និងចំនុចមួយទៀតត្រូវចេះសន្សំ ទឹក ភ្លើង ផងដែរ។

នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្ដល់នូវការណែនាំទៅកាន់មន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដែលទីនូវ៣ចំនុចសំខាន់:

១- ត្រូវបន្តខិតខំចេញប័ណ្ណកម្មសិទ្ធិអោយប្រជាពលរដ្ឋអោយបានឆាប់។

២- ត្រូវបន្តខិតខំដោះស្រាយជំលោះដីធ្លី ជាពិសេសការដោះក្រៅប្រព័ន្ធតុលាការ ។

៣-ត្រូវខិតខំបន្តដោះស្រាយដីសម្បទានសង្គមកិច្ចជាបន្តបន្ទាប់ទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់មន្ត្រីរាជការ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អោយជូបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យក្នុងការងារជាបន្តបន្ទាប់ទៀត។ មុននឹងបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់គ្រឿងឥស្សរិយយសដល់មន្ត្រីមានស្នាដៃ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មួយចំនួនផងដែរ៕