រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋ អាម៉េរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយ ឯកអគ្គរដ្ឋទូត មៃឃើល មីចាឡាក់ Amb. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគមកពីសហរដ្ឋអាម៉េរិក។
កិច្ចប្រជុំនេះមានការចូលរួមពីក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ានប្រចាំកម្ពុជា មន្ត្រីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា និងក្រុមហ៊ុនជាច្រើនទៀត រួមមាន ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Ford Motor ក្រុមហ៊ុន Amazon ក្រុមហ៊ុន Walmart ក្រុមហ៊ុន Pernod Ricard ក្រុមហ៊ុន Visa និងក្រុមហ៊ុន Jhpiego ជាដើម។
នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីភាពជោគជ័យក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនកម្ពុជា និងការត្រៀមខ្លួនរបស់កម្ពុជាលើការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីសក្តានុពលពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាម៉េរិក ដែលបានបន្តកើនឡើងបើគិតត្រឹមខែសីហា ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុបមានចំនួនប្រមាណជាង ៥,៥ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ ២៨.៤៦ ភាគរយ បើប្រៀបធៀបនឹង ៨ខែ ដើមឆ្នាំ២០២០។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីវឌ្ឍនភាពនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងក្របខ័ណ្ឌស្ថាប័ន និងគតិយុត្ត ព្រមទាំងគោលនយោបាយផ្សេងៗ ដើម្បីស្តារ និងជំរុញសេដ្ឋកិច្ចកម្ពុជា ដែលមានដូចជា៖ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង មុខងារ និងតួនាទីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ពិសេសគឺការយកចិត្តទុកដាក់ដល់ការការពារកម្មសិទ្ធិបញ្ញា។
ម្យ៉ាងទៀត កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីឆ្នាំមុន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រួមទាំងសមាជិកភាពរបស់កម្ពុជា នៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្ត និងបន្តគាំទ្រ សម្របសម្រួលក្រមហ៊ុនអាម៉េរិក ដែលមានសំណូមពរ និងចម្ងល់ផ្សេងៗ អាចទាក់ទងមកក្រសួងពាណិជ្ជកម្ម ឬឯកឧត្តមផ្ទាល់ ដើម្បីដោះស្រាយ និងសម្របសម្រួលជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ។
ជាការឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូតបានសម្ដែងនូវអំណរសាទរចំពោះកម្ពុជា ដែលទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំង និងការបើកសកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញ ក្រុមហ៊ុនអាម៉េរិក ក៏បានសម្តែងសុទិដ្ឋិនិយមក្នុងការបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅកម្ពុជា ជាពិសេសនោះគឺជួយគាំទ្រក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ និងការគាំទ្រកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២៕