កម្ពុជា ទទួលរថយន្តជំនួយជប៉ុនចំនួន៣៩គ្រឿង សម្រាប់អាស៊ានឆ្នាំ២០២២

រាជធានីភ្នំពេញ៖ នាថ្ងៃទី១ ខែវិច្ឆិកា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលរួមពិធីប្រគល់-ទទួលរថយន្តជប៉ុន បានប្រគល់រថយន្តជប៉ុនចំនួន៣៩គ្រឿង សម្រាប់ការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជា។

ការផ្ដល់ជំនួយនេះ ជាផ្នែកមួយនៃជំនួយហិរញ្ញប្បទាន ដែលមានទឹកប្រាក់ប្រមាណជា ២.៧លានដុល្លារអាមេរិក ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់ប្រទេសជប៉ុន ដែលទើបត្រូវបានចុះហត្ថលេខាថ្មីៗនេះ។

សូមជម្រាបជូនដែរថា នៅសល់ពេលតែ២ខែគត់ ដែលកម្ពុជានឹងចាប់ផ្ដើមអាណត្តិរបស់ខ្លួន ធ្វើជាប្រធានអាសា៊នសម្រាប់ឆ្នាំ​២០២២ ហើយនេះជាលើកទី៣ ដែលកម្ពុជាបានក្លាយជាប្រធានអាស៊ានប្តូរវេន ចាប់ពីការចូលជាសមាជិកនៅឆ្នាំ​១៩៩៩។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍នាពេលថ្មីៗនេះ ពីមូលបទសម្រាប់ឆ្នាំ ២០២២៖ អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ។

ការប្រគល់ជំនួយរបស់ប្រទេសជប៉ុននេះ នឹងចូលរួមជួយសម្រួលដ៏សំខាន់ ដល់ការដោះស្រាយបញ្ហាឡូជីស្ទីកសម្រាប់កម្ពុជា៕