រដ្ឋមន្ត្រីក្រសួងធនធានទឹក បន្តដឹកនាំក្រុមការងារបច្ចេកទេសក្រសួង​ទាំងយប់ថ្ងៃ ដើម្បីដោះស្រាយជំនន់ស្ទឹកព្រែកត្នោត

ខេត្តកណ្ដាល៖​ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយថ្នាក់ដឹកនាំដែលជាប្រធានមុខព្រួញរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ អាជ្ញាធរមូលដ្ឋាន និងក្រុមមន្រ្តីបច្ចេកទេសក្រសួង បានកំពុងបន្តពិនិត្យស្ថានភាពទឹក និងដឹកនាំបញ្ជាការងារអន្តរាគមន៍ជួសជុលរូងនាគ និងពង្រឹងលើកកម្ពស់តួទំនប់នៅតាមបណ្តោយសណ្តស្ទឹងព្រែកត្នោត ដែលបានកំពុងយាយីដោយទឹកជំនន់ទឹកភ្លៀងពីផ្ទៃរងផ្នែកខាងលើ ព្រមទាំងដាក់ផែនការបន្ថែម ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់ គ្រោះថ្នាក់ផ្សេងៗដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តប្រឈមនេះ។

នាវេលាយប់ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានកំពុងបន្តដឹកនាំក្រុមការងារបច្ចេកទេសក្រសួង​ ចុះពិនិត្យការងារអន្តាគមន៍កាយបើកពង្រីកមុខទឹកប្រឡាយ ៩៤ និង៩៦ ដោយបន្ថែមគ្រឿងចក្រអេស្កាវ៉ាទ័រដៃវែង-ខ្លី សរុប ០៤គ្រឿង ធ្វើការទាំងយប់ថ្ងៃ។

ឯកឧត្តមរដ្ឋមន្រ្តី បានចុះដឹកនាំដល់ទីកន្លែង ដើម្បីពន្លឿនការរំដោះជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោតដែលមានប្រភពទឹកមកពីផ្ទៃរងទឹកភ្លៀងផ្នែកខាងលើនៃខេត្តកំពង់ស្ពឺ ចេញពីប្រឡាយ ៩៤ និង ៩៦ ដោយតភ្ជាប់ទៅវាលបឹងរាន បឹងជើងលោង រួចបន្តបង្ហូរទម្លាក់ឆ្ពោះទៅទន្លេបាសាក់ និងធ្វើការចាក់ដីបំពេញកូដ និងកិនបង្ហាប់តាមទំនប់ប្រឡាយព្រែកកំពឹស (ប្រឡាយព្រែករទាំង) ស្ថិតនៅចំណុចព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងភូមិសាស្ត្រភូមិឆ្មាពួន និងភូមិជើងកើប ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលថ្មីៗនេះក្រុមការងារបច្ចេកទេសក្រសួងបានខិតខំស្តារព្រែកខ្សេវ (ផ្នែកខាងក្រោមបង្ហូរទៅទន្លេបាសាក់) ប្រវែង ២៥០០ម៉ែត្ររួចផងដែរ ៕