សភាពាណិជ្ជកម្មកម្ពុជា បង្ហាញពីសុទិដ្ឋិនិយមចំពោះវត្តមានគម្រោងវិនិយោគថ្មីដែលកម្ពុជាទទួលបានជាង ៣,៣ពាន់លានដុល្លារ

រាជធានីភ្នំពេញ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានបង្ហាញពីភាពសុទិដ្ឋិនិយមចំពោះ​វត្តមាននៃគម្រោង​វិនិយោគថ្មី ដែលកម្ពុជា​ទទួល​បានក្នុងរយៈពេល៩ខែសរុបចំនួន១៣៤គម្រោង មានទំហំទឹកប្រាក់សរុបជាង ៣,៣ពាន់លានដុល្លារអាមេរិក នោះដែលវាជាសញ្ញាបង្ហាញពីភាព​វិជ្ជមាន​ចំពោះពន្លឺសេដ្ឋកិច្ចរបស់កម្ពុជា។

នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១នេះ ការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១០១​ គម្រោង សរុបទុនវិនិយោគ ១,៤ ពាន់លាន​ដុល្លារ​អាមេរិក និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣៣ គម្រោង សរុបទុនវិនិយោគ ១,៩ ពាន់លានដុល្លារអាមេរិក។ សម្រាប់វិស័យដែលគម្រោង​វិនិយោ​គផ្តោត​រួមមានដូចជា ៖ វិស័យកសិកម្ម និងកសិឧស្សាហកម្មមានចំនួន១២គម្រោង, វិស័យឧស្សាហកម្ម មានចំនួន ១១១ គម្រោង, វិស័យទេសចរណ៍មានចំនួន២គម្រោង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានចំនួន៩គម្រោង។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា​ ចំនួននៃគម្រោងវិនិយោគថ្មីដែលកម្ពុជាទទួលបានក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ គឺមានការធ្លាក់ចុះ ប៉ុន្តែវាជាសញ្ញាវិជ្ជមានដែលគួរសាទរសម្រាប់កម្ពុជា ខណៈដែលកម្ពុជាបានជួបនឹង​ភាព​ប្រឈមសេដ្ឋកិច្ចក្រោយឥទ្ធិពលនៃវិបត្តិការរាតត្បាតនៃជំងឺជាសាកលក៏ដូចជានៅក្នុងសហគមន៍ប្រទេសកម្ពុជា។ 

លោកឧកញ៉ាបានបញ្ជាក់ថា ៖ «វាជាសញ្ញាល្អរបស់ប្រទេសកម្ពុជា ហើយខ្ញុំជឿជាក់ថា​រហូតដល់ដំណាច់ឆ្នាំ២០២១ខាងមុខនេះ កំណើននៃគម្រោង​វិនិយោគថ្មី​ពិតជាមានបន្ថែមទៀតខណៈដែលកម្ពុជាបានក្លាយជាគោលដៅវិនិយោគដ៏មានសក្ដានុពលរបស់បណ្តាក្រុមហ៊ុនអន្តរជាតិ»។

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍បញ្ជាកថា​ ៖ « ពេលនេះ កម្ពុជាមានភាពល្អប្រសើរជាច្រើននិងអាចផ្តល់ផលចំណេញដល់​បណ្តា​ក្រុមហ៊ុន​អន្តរជាតិដែលមកកាន់កម្ពុជា ព្រោះកម្ពុជាទទួលបានភាពអនុគ្រោះពន្ធ GSPពីសហរដ្ឋអាមេរិក ជាពិសេសចក្រភពអង់គ្លេសរួមជាមួយការទទួលបាន EBA ពីសហភាពអឺរ៉ុប ហើយបន្ថែមពីនេះកម្ពុជានៅមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយទីផ្សារមហាយក្សចិនដែលមានជាង១៤០០លាននាក់, កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសកូរ៉េខាងត្បូងរួមជាមួយនឹងបណ្តាប្រទេសមួយចំនួនទៀតដែលនឹងត្រៀមសម្រេចបានដូចជា ជប៉ុន ឥណ្ឌា ជា​ដើមខណៈដែលកម្ពុជាបានបង្កើតច្បាប់វិនិយោគថ្មី និងនីតិវិធីមួយចំនួន ដែលអាចជួយសម្រួលដល់ការវិនិយោគយ៉ាងល្អប្រសើរបំផុត»៕