អាជីពជាភ្នាក់ងារក្នុងវិស័យអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះមានរាប់ពាន់នាក់ ដែលក្នុងនោះមានទាំងភ្នាក់ងារដែលបម្រើការងារនៅក្នុងក្រុមហ៊ុនមានអាជ្ញាបណ្ណស្របច្បាប់ និងភ្នាក់ងារជាបុគ្គលឯករាជ្យ ប៉ុន្តែមិនមានអាជ្ញាបណ្ណ ឬហៅតាមបែបសាមញ្ញថាអ្នកគួកជេរ។
ក្នុងការបម្រើសេវាដើរតួរជាភ្នាក់ងារអចលនទ្រព្យ មនុស្សភាគច្រើនតែងឲ្យតម្លៃ និងគិតថា មានតែភ្នាក់ងារបម្រើការងារនៅក្នុងក្រុមហ៊ុន ឬជាភ្នាក់ងារដែលមានអាជ្ញាបណ្ណតែប៉ុណ្ណោះ ទើបអាចទទួលបានផ្លែផ្កា ឬមានភាពជោគជ័យនៅលើទីផ្សារទិញ, លក់, ជួលនិងទទួលដោយឡែក សម្រាប់បណ្តាភ្នាក់ងារដែលគ្មានអាជ្ញាបណ្ណហាក់មានឱកាសតិចបំផុតដែលទទួលបានចំណែកទីផ្សារ។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីលំនៅដ្ឋានកម្រិតមធ្យមបានលើកឡើងថា មិនថាទោះជាភ្នាក់ងារដែលមានអាជ្ញាបណ្ណ ឬគ្មានអាជ្ញាបណ្ណ ឬជាអ្នកគួកជេរ នោះអត្រានៃភាពបរាជ័យ និងអត្រាជោគជ័យគឺមានដូចគ្នា ដែលវាអាស្រ័យទៅលើចំណេះដឹង ជំនាញនិងបទពិសោធន៍របស់បុគ្គលដែលជាភ្នាក់ងារផ្ទាល់។
លោកឧកញ៉ាបានមានប្រសាសន៍ថា៖ «ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យ ក្រៅពីមានចំណង់ចំណូលចិត្ត មានកិច្ចទំនាក់ទំនងល្អ និងភាពស្មោះត្រង់នោះ សំខាន់បំផុតត្រូវតែមានជំនាញ មានការយល់ដឹងច្បាស់ពីទីផ្សារអចលនទ្រព្យទូទៅ ស្គាល់ពីអ្នកមានតម្រូវការពិតប្រាកដ ទាំងអ្នកមានតម្រូវការលក់ចង់បានលុយ និងអ្នកមានតម្រូវការចង់បានអចនទ្រព្យ មានន័យថា ត្រូវស្គាល់អ្នកដែលចង់ជួលឬចង់លក់អចលនទ្រព្យ និងស្គាល់ច្បាស់ពីអ្នកដែលមានបំណង់ចង់ទិញ ឬចង់ជួលអចលនទ្រព្យដែលមានធនធានគ្រប់គ្រាន់ក្នុងដៃ»។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបន្តឲ្យដឹងទៀតថា នៅពេលដែលយើងបានស្គាល់ច្បាស់ពីម្ចាស់អចលនទ្រព្យផ្ទាល់ដែលមានតម្រូវការជួលឬលក់ នោះយើងអាចដឹងពីតម្លៃដែលម្ចាស់ទ្រព្យចង់បាន។ នៅពេលដែលយើងស្គាល់ពីអ្នកដែលមានតម្រូវការពិតប្រាកដ ចង់ទិញ ឬចង់ជួលអចលនទ្រព្យច្បាស់ យើងនឹងអាចដឹងពីទំហំធនធានសម្រាប់ចំណាយ ដូច្នេះ នៅពេលដែលយើងបានស្គាល់ភាគីទាំង២ច្បាស់ ហើយស្គាល់ពីតម្លៃទីផ្សារអចលនទ្រព្យផងដែរនោះ ការណែនាំ ការចរចាក្នុងការផ្គូរផ្គង់ពិតជាអាចងាយធ្វើសម្រេចទៅបានយ៉ាងប្រាកដ។
អ្វីដែលសំខាន់បំផុត នោះគឺជៀសវាងការធ្វើជាភ្នាក់ងារដែលទទួលយកគម្រោង ឬអចលនទ្រព្យលក់បន្តពីជនទី២ ឬទី៣ ដែលមិនមែនជាម្ចាស់ទ្រព្យឬមិនមែនជាអ្នកដែលមានតម្រូវការពិតប្រាកដ ដែលវាអាចជាការចំណាយពេលវេលាចោលដោយគ្មានប្រយោជន៍ឬអាចជាប់ឈ្មោះជាភ្នាក់ងារគ្មានទីផ្សារថែមទៀតផង៕