អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ភាគច្រើន គឺមិនបានចាក់វ៉ាក់សាំងការពារ

រាជធានីភ្នំពេញ៖ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ពីការស្លាប់របស់អ្នកជំងឺដែលឆ្លងកូវីដ១៩ ភាគច្រើនគឺ មិនបានចាក់វ៉ាក់សាំងការពារ និងមានជំងឺប្រចាំខ្លួន។

សារសម្លេងសម្តេចតេជោ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានលើកឡើងថា៖ វ៉ាក់សាំងកូវីដ-១៩ គឺជាគ្រឹះការពារដ៏រឹងមាំ សម្រាប់ការពារអាយុជីវិតរបស់ប្រជាជនយើង! ចំពោះករណីមរណភាពដែលមានជាប្រចាំថ្ងៃ គឺដោយសារតែភាគច្រើន បងប្អូនយើងមានជំងឺប្រចាំកាយ និងធ្ងន់ធ្ងររួចទៅហើយ ហើយក៏មានករណីភាគច្រើនលើអ្នកដែលមិនបានចាក់វ៉ាក់សាំងផងដែរ។

សូមជម្រាបជូនដែរថា ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីឆ្លងថ្មីបន្តថយចុះ ដោយបានរកឃើញ ១៧៥នាក់ (លទ្ធផល PCR) និងជាសះស្បើយថ្មី ២៧១នាក់ ខណៈមរណភាពថ្មី ១១នាក់ (៨នាក់ មិនបានចាក់វ៉ាក់សាំង)។

ការចាក់វ៉ាក់សាំងនៅកម្ពុជាសម្រាប់ប្រជាជនទូទាំងប្រទេស (ចាប់ពីអាយុ ៦ឆ្នាំ ) គឺសម្រេចបានជាង ១៣លាន៦សែននាក់ ត្រឹមថ្ងៃទី ១៩ តុលា ២០២១នេះ ។ ទោះជាយ៉ាងនេះក្ដី សម្ដេចតេជោ បានណែនាំឲ្យមានយុទ្ធនាការសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមភូមិ និងតាមខ្នងផ្ទះតែម្តង ដើម្បីដោះស្រាយបញ្ហាដែលមានបងប្អូនប្រជាពលរដ្ឋយើងមិនអាចធ្វើដំណើរ មកចាក់ដោយកត្តាណាមួយនោះ។

សម្ដេចតេជោ បានបញ្ជាក់ឡើងវិញ ដោយមិនត្រូវឲ្យមានការរើសអើងចំពោះអ្នកកើតជំងឺកូវីដនោះទេ ដោយត្រូវរួមសាមគ្គីគ្នាប្រឆាំងកូវីដ និងត្រូវរៀនរស់នៅជាមួយកូវីដ១៩ ក្នុងដំណើរនៃគន្លងថ្មី ដើម្បីកម្ពុជាអាចបើកប្រទេសឡើងវិញ ក្នុងពេលដ៏ខ្លីនេះ។

សារសម្លេងរបស់សម្ដេចតេជោ បានបន្ថែមថា៖ ពិតមែនតែអត្រាឆ្លងថ្មី និងអត្រាមរណភាពថ្មី មាននិន្នាការថយចុះក៏ពិតមែន ក៏ប៉ុន្តែហានិភ័យក៏នៅតែខ្ពស់នៅឡើយ។ ដូច្នេះការសម្របខ្លួន ដើម្បីរស់នៅជាមួយនឹងវីរុសកូវីដ-១៩ គឺជារឿងដែលចៀសមិនបាន ព្រោះយើងមិនដឹងថាជំងឺកូវីដនេះ នឹងចប់នៅពេលណានោះទេ