រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសពីការដាក់ឱ្យដំណើរការប្រព័ន្ធ QR Code "បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovid QR Vaccine" ចាប់ពីថ្ងៃទី ១៨ តុលា ២០២១ នេះតទៅ។
QR Code ថ្មីនេះ ជាការកែសម្រួលមុខងារទៅលើ QR Code ចាស់ដោយបន្ថែមព័ត៌មានចាក់វ៉ាក់សាំង លើប្រព័ន្ធQR Code ទប់ស្កាត់កូវីដ ដែលមានស្រាប់។
QR Code "បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovid QR Vaccine" មានមុខងារសំខាន់ចំនួន៣ គឺ (១) សម្រួលដល់ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ១៩ (២)គ្រប់គ្រងការធ្វើចត្តាឡីស័ក និង(៣)បង្ហាញព័ត៌មានអំពីការចាក់វ៉ាក់សាំងកូវីដ១៩ របស់បុគ្គលម្នាក់ៗ។
ក្រសួងក៏បានបង្ហាញពីអត្ថប្រយោជន៍នៃការប្រើ QR Code នេះដោយអាចសម្រួលដល់ការមិនបាច់យក បណ្ណចាក់វ៉ាក់សាំងតាមខ្លួនគ្រប់ពេលវេលានោះទេ ព្រមទាំងអាចកាត់បន្ថយនៃការបន្លំបណ្ណផងដែរ៕