មិនទាន់ដល់គូ ទោះនៅម្នាក់ឯង ក៏អាចរៀនស្រលាញ់ និងមើលថែខ្លួនឯង ពី៥ចំណុចនេះ


នៅពេលមានគូ ការរស់នៅគឺមានបែបផែនផ្សេងដែលមានការចែករំលែកការយោគយល់ គោរព ស្រលាញ់ និងជួយជ្រោមជ្រែងគ្នា ដោយឡែកសម្រាប់អ្នកមិនទាន់ដល់គូ ក៏មានបែបផែនមួយបែបពោលគឺនៅស្រលាញ់ មើលថែខ្លួនឯង និងបង្កើតតម្លៃឱ្យខ្លួនឯង។តាមរយៈ៥ចំណុចសាមញ្ញដូចខាងក្រោម សម្រាប់អ្នកមិនទាន់ជួបគូស្នេហ៍ ក៏អាចស្រលាញ់មើលថែខ្លួនឯងផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងភាពរីករាយមកខ្លួនឯងបានដូចជា៖

. រក្សាភាពសកម្មប្រចាំថ្ងៃ

ភាពសកម្មផ្សេងៗរួមមានទាំងការសកម្មនឹងសកម្មភាពផ្សេងៗ ឬការហាត់ប្រាណ ដូចអ្នកបានដឹងមកហើយគឺមានប្រយោជន៍ដល់រាងកាយ និងសុខភាពផ្លូវចិត្ត។ មានលំហាត់ប្រាណច្រើនទម្រង់ ច្រើនរបៀបៀបហើយកិច្ចការងារផ្ទះ ក៏ត្រូវបានចាត់ទុកជាភាពសកម្មដល់រាងកាយផងដែរ ដូចនេះ ភាពសកម្មប្រៀបដូចការជួយថែរក្សារាងកាយនិងទឹកចិត្តអ្នកបានប្រសើរ។

. រៀនសមាធិ

ជាឧទាហរណ៍យើងអាចស្រេ្តសច្រើនក្នុងអំឡុងពេលវិបត្តិដោយសារវីរុសកូវីដ-១៩ ប៉ុន្តែជំនួសឱ្យការបណ្តោយអារម្មណ៍ខ្វល់ខ្វាយច្រើនទៅលើរឿងនោះយើងអាចថយបន្តិច ងាកមករៀនផ្តោតអារម្មណ៍ក្នុងកិច្ចការប្រចាំថ្ងៃតូចៗវិញដែលជាការរៀនសមាធិផ្តោតចិត្តលើអារម្មណ៍ល្អៗវិញ។ តួយ៉ាង អ្នកអាចមានពេលសម្រាកហាត់ដង្ហើមចេញចូលពី១៥-៣០នាទី ឬមួយអ្នកអាចសម្រាកអានសៀវភៅតែមួយមុខ ឬមួយអ្នកអាចសម្រាកញ៉ាំតែឬកាហ្វេ ដោយផ្តោតអារម្មណ៍ទៅលើតែក្លិនកាហ្វេ រសជាតិ និងគុណភាពរបស់វា ដែលសកម្មភាពតូចនេះក៏ចាត់ទុកជាលំហាត់សមាធិប្រមូលអារម្មណ៍ផ្តោតលើរឿងតែ១ផងដែរ។

. ធ្វើម្ហូបដែលចូលចិត្តញ៉ាំ

អាហារដែលអ្នកចូលចិត្ត ចម្អិនដោយខ្លួនឯងផ្ទាល់រឹតតែពិសេសព្រោះអ្នកដឹងពីអ្វីដែលត្រូវថែមថយតាមចំណូលចិត្ត។ បន្ថែមពីនោះ អ្នកអាចរៀនធ្វើអាហារសុខភាពញ៉ាំបានជារៀងរាល់ថ្ងៃគឺជាការរួមចំណែកនៃការស្រលាញ់ និងថែរក្សាសុខភាពខ្លួនឯង ដែលបង្កើតជាទម្លាប់មួយដ៏ល្អប្រចាំថ្ងៃ។

. អាននិងមើលអ្វីដែលលើកទឹកចិត្តអ្នក

បន្ទាប់ពីស្រលាញ់ និងថែរក្សាសុខភាពអ្នកបានល្អជាងនេះទៀតអ្នកក៏នៅតែបន្តអភិវឌ្ឍខ្លួនអ្នក ឱ្យមានសមត្ថភាព និងគុណភាពទៅលើកិច្ចការអ្វីមួយបន្ថែមផងដែរដែលសុទ្ធសឹងគុណតម្លៃប្រចាំខ្លួន។ រៀនអាន ស្រាវជ្រាវ ស្វែងយល់ពីអ្វីថ្មីៗ គឺនឹងជួយអ្នកឱ្យបានយល់ដឹងនិងមានគំនិតថ្មីសម្រាប់ការរស់នៅមិនអផ្សុក ព្រមទាំងបង្កើនសមត្ថភាពអ្នកទៀតផង។


. ចេញធ្វើអ្វីដែលអ្នកចូលចិត្ត

ពេលខ្លះការស្ទាក់ស្ទើរ ឬមន្ទិលនឹងខ្លួនឯងច្រើនបានរារាំងអ្នកមិនឱ្យធ្វើអ្វីដែលអ្នកពេញចិត្ត។ ប៉ុន្តែសកម្មភាពខ្លះតែងមានខុសខ្លះត្រូវខ្លះ ដែលតម្រូវឱ្យអ្នករៀនសូត្រអនុវត្ត និងកែលម្អប្រសើរនៅពេលក្រោយ។ ដូច្នេះ ចំណុចខ្លះជាចំណង់ចំណូលចិត្តហេតុអ្វីមិនចេញធ្វើវាឡើង បើវាជារឿងដែលធ្វើឱ្យអ្នកបានប្រសើរ។ ដូចនេះការចេញធ្វើអ្វីដែលជាចំណូលចិត្ត ក៏ប្រៀបដូចជាការផ្តល់រង្វាន់ ក៏ដូចជាក្តីស្រលាញ់សម្រាប់ខ្លួនឯង។ក្នុងជីវិតរស់នៅ ដូចជាដំណើរផ្សងព្រេងមួយ ដូចនេះការមើលថែ និងស្រលាញ់ខ្លួនឯងគឺជាកាតព្វកិច្ចមួយដែលអ្នកមិនគួរភ្លេចពីមនុស្សម្នាក់ដែលស្រលាញ់អ្នក និងតែងនៅក្បែរអ្នកជានិច្ចគឺខ្លួនឯងនេះ៕