ប្រទេសអ៊ុយក្រែន ត្រូវការពេល ១០០ឆ្នាំ ដើម្បីដើរទាន់សេដ្ឋកិច្ច របស់អាឡឺម៉ង់

ធនាគារពិភពលោកបានបង្ហាញឱ្យដឹងថា អ៊ុយក្រែនត្រូវចំណាយពេលចន្លោះពី 50 ទៅ 100 ឆ្នាំដើម្បីឈានដល់កម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច របស់អឺរ៉ុប ហើយបានអំពាវនាវឱ្យប្រទេសនេះ រៀបចំធ្វើកំណែទម្រង់។

ទីក្រុងកៀវ៖ របាយការណ៍ នៃការវាយតម្លៃអំពីការអភិវឌ្ឍ របស់ធនាគារពិភពលោក កាលពីថ្ងៃពុធ បានបង្ហាញថា ប្រទេសអ៊ុយក្រែន ត្រូវការយ៉ាងហោចណាស់ ៥០ឆ្នាំ ដើម្បីឈានដល់ផលិតផលក្នុងស្រុកសរុប របស់ប្រទេសប៉ូឡូញ និងត្រូវការពេល ១០០ឆ្នាំដើម្បីទាន់ប្រទេសអាឡឺម៉ង់។

កាលពីខែមុន ធនាគារពិភពលោក បានព្យាករ ចំពោះកំណើនសេដ្ឋកិច្ចរបស់អ៊ុយក្រែននៅឆ្នាំ២០១៩ ថា ថយចុះពី ៣,៥%មក ២,៩% ប៉ុន្តែវាអាចកើនវិញបន្តិចឡើងដល់ ៣,៤% ក្នុងឆ្នាំ ២០២០ ។

លោក មូល័រ (Cyril Muller) អនុប្រធានធនាគារពិភពលោក ប្រចាំនៅតំបន់អឺរ៉ុបនិងអាស៊ីកណ្តាល បាននិយាយថា អ៊ុយក្រែនគឺត្រូវការធ្វើកំណែទម្រង់ចាំបាច់ ហើយប្រសិនបើបរាជ័យក្នុងការអនុម័ត នឹងធ្វើឲ្យមានអត្រាកំណើនតិចតួច។

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៨  ធនាគារពិភពលោក បានសង្កត់ធ្ងន់ថា អំពើពុករលួយគឺជាកត្តាសំខាន់មួយដែលធ្វើឱ្យការអភិវឌ្ឍរបស់ប្រទេសនេះថយជិត ២% ជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំ ២០១៨ ប្រទេសអ៊ុយក្រែន មានផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ ចំនួន ២, ៩៦៤ដុល្លារ៕

រូបប្រធានាធិបតី អ៊ុយក្រែន លោក Petro Poroshenko