កម្ពុជា-ស៊ែប៊ី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការទូតសេដ្ឋកិច្ច

សាធារណរដ្ឋស៊ែប៊ី៖ កម្ពុជា-ស៊ែប៊ី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការទូតសេដ្ឋកិច្ច ជាលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីវាង ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម នីកូឡា សេឡាកូវិច (Nicola Selakovic) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋស៊ែប៊ី នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ។

ឯកឧត្តម អ៊ុច បូររិទ្ធ បានអញ្ជើញជាតំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចូលរួមកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតចលនាមិនចូលបក្ស សម្ព័ន្ធ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋ ស៊ែប៊ី។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុច បូររិទ្ធ និងឯកឧត្តម នីកូឡា សេឡាកូវិច បានធ្វើការពិភាក្សាផ្លាស់ប្តូរមតិគ្នាដោយផ្តោតសំខាន់លើចំណងមិត្តភាពដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើប្រកបដោយផ្លែផ្ការរវាងប្រទេសទាំងពីរពូនជ្រុំដោយអតីតអ្នកដឹកនាំដ៏ឆ្នើមប្រទេសទាំងពីរតាំងពីឆ្នា ១៩៥៧ និងគូសបញ្ជាក់ពីកាប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិនិយោគ។ ល។ ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។

រដ្ឋាភិបាលស៊ែប៊ី ក៏បានត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដំណើទស្សនៈកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នៅប្រទេសស៊ែប៊ី ដែលបានគ្រោងទុករួចមកហើយ ដើម្បីធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ស៊ែប៊ី-កម្ពុជា កាន់តែទូលំទូលាយស៊ីជំរៅថែមទៀត។ 

ទន្ទឹមនេះ លោក នីកូឡា សេឡាកូវិច បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលស៊ែប៊ីកំពុងពិចារណាបើកស្ថានបេសកកម្មរបស់ខ្លួននៅ តំបន់អាស៊ីអគ្នេយ៍ ជាពិសេសនៅកម្ពុជា ហើយនៅក្នុងបំណាច់ឆ្នាំនេះរដ្ឋាភិបាលស៊ែប៊ី និងបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅទស្សនកិច្ច នៅបណ្តាប្រទេសក្នុងតំបន់ និងកម្ពុជា ដើម្បីសិក្សាអំពីបញ្ហានេះ៕