កម្ពុជា-ជប៉ុន ចុះហត្ថលេខាស្តីពីការផ្តល់ឥណទានសម្បទាននិងហិរញ្ញប្បទានឥតសំណង ប្រមាណ៧២លានដុល្លារ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ក្នុងទំហំទឹកប្រាក់សរុបទាំងអស់ ៧.៩៣៦លានយ៉េន  (ប្រមាណ៧២ លានដុល្លារអាមេរិក) ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។

ជំនួយរបស់ជប៉ុននេះ នឹងប្រើប្រាស់សម្រាប់អនុវត្តគម្រោងចំនួន៦ រួមមាន៖ 

១ - គម្រោង «ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប(ដំណាក់ កាលទី២)È ដែលមានទឹកប្រាក់សរុប ៦.៣៣៦ លានយ៉េន (ប្រមាណ ៥៨,២១ លានដុល្លារ អាមេរិក)។

២ - គម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាព លើផ្ទៃដីបោសសម្អាត ដែលមានទឹកប្រាក់សរុប ២០០ លានយ៉េន (ប្រមាណ ១,៨ លានដុល្លារអាមេរិក)។

៣- គម្រោងសម្ភារៈបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ ដែលមានទឹកប្រាក់សរុប ២៥០ លានយ៉េន (ប្រមាណ ២,២៧ លានដុល្លារអាមេរិក)

៤- សម្ភារៈបច្ចេកទេស សម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ ដែលមានទឹកប្រាក់សរុប ២៥០ លានយ៉ន (ប្រមាណ ២,២៧ លានដុល្លារអាមេរិក)។
៥- គម្រោងបំពាក់ឧបករណ៍សម្ភារៈ និងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានទឹកប្រាក់សរុប ៤០០ លានយ៉េន (ប្រមាណ ៣,៦៣លានដុល្លារអាមេរិក) ។
៦ - គម្រោងបំពាក់សម្ភារៈបរិក្ខារ និងគ្រឿងម៉ាស៊ីន ក្នុងវិស័យឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទឹកប្រាក់សរុប ៥០០ លានយ៉េន (ប្រមាណ ៤,៥៤ លានដុល្លារអាមេរិក)៕