មានសត្វក្អែកមួយក្បាលរស់នៅក្នុងព្រៃ ហើយតែងតែសប្បាយរីករាយនឹងជីវិតហោះហើររបស់វា។ ប៉ុន្តែថ្ងៃមួយ វាបានជួបសត្វក្ងាន វាក៏គិតក្នុងចិត្តម្នាក់ឯងថា "យី!សត្វក្ងាននេះសម្បុរតែឡើងសក្បុស ចំណែកខ្ញុំវិញខ្មៅឃ្លីក! សត្វក្ងាននេះច្បាស់ជាសត្វដែលសប្បាយរីករាយបំផុតលើផែនដីនេះហើយ!” គិតហើយ វាក៏បាននិយាយអ្វីដែលវាបានគិតទៅកាន់សត្វក្ងាន។ ឮហើយ ក្ងានក៏បានឆ្លើយតបទៅសត្វក្អែកថា "មែនហើយសម្លាញ់! ខ្ញុំធ្លាប់គិតថា ខ្ញុំគឺជាសត្វដែលរីករាយបំផុតក្នុងលោកនេះមែន តែខ្ញុំបែរជាឈប់គិតបែបនេះពេលខ្ញុំជួបសត្វសេក! ខ្ញុំមានសម្បុរសមែន តែសម្បុរខ្ញុំមានតែមួយពណ៌ទេ ចំណែកសេកវិញមានដល់ទៅ២ពណ៌! អ៊ីចឹងគឺសេកទេដែលរស់នៅដោយសប្បាយរីករាយជាងគេក្នុងលោកនេះ!”
ស្ដាប់សម្ដីរបស់ក្ងានហើយ ក្អែកក៏ហើរតាមរកសត្វសេក។ ពេលបានជួបគ្នាហើយ សេកក៏ពន្យល់ទៅ កាន់ក្អែកថា "ខ្ញុំក៏ធ្លាប់គិតថា ខ្ញុំគឺជាសត្វដែលរីករាយបំផុតក្នុងចំណោមអំបូរបក្សីដូចជាពួកយើង តែថ្ងៃមួយខ្ញុំជួបសត្វក្ងោក ខ្ញុំក៏ប្ដូរការគិតរបស់ខ្ញុំ! ឯងមើលខ្ញុំមាន២ពណ៌មែន ប៉ុន្តែក្ងោកមានពណ៌ច្រើនចម្រុះ"។
ស្ដាប់ឮហើយ ក្អែកក៏បន្តដំណើរហោះទៅរកសត្វក្ងោកនៅក្នុងសួនសត្វ ហើយឃើញមនុស្សរាប់រយនាក់កំពុងចោមរោមមើលសត្វក្ងោកមួយក្បាលនោះ។ ពេលដែលមនុស្សម្នាដើរចេញទៅអស់ ក្អែកក៏ហោះមកជិត ហើយនិយាយថា "ឱក្ងោកដ៏ផូរផង់អើយ! ឯងពិតជាស្រស់ស្អាតណាស់។ មួយថ្ងៃៗមានមនុស្សរាប់ពាន់នាក់មកចោមរោមគយគន់សម្រស់របស់ឯង! តែនៅពេលមនុស្សឃើញខ្ញុំ គេមានតែជេរប្រទេចដេញខ្ញុំភ្លាមៗ! ខ្ញុំគិតថាឯងគឺជាសត្វដែលសប្បាយរីករាយបំផុតក្នុងលោកនេះហើយ។"
ក្ងោកឮដូចនោះក៏ឆ្លើយតបថា "មែនហើយ! ខ្ញុំតែងតែគិតថាខ្ញុំគឺជាបក្សីដែលស្អាតជាងគេ និងសប្បាយចិត្តជាងគេក្នុងលោកនេះ។ ប៉ុន្តែការពិតក៏ដោយសារតែសម្រស់របស់ខ្ញុំនេះហើយ ទើបខ្ញុំត្រូវមកជាប់ឃុំក្នុងសួនសត្វបែបនេះរាល់ថ្ងៃ។ ខ្ញុំបានដើរពិនិត្យមើលសួនសត្វនេះយ៉ាងប្រយ័ត្នប្រយែង ទើបខ្ញុំដឹងថាមានតែសត្វក្អែកទេដែលជាសត្វដែលមិនត្រូវមនុស្សចាប់មកឃុំក្នុងទ្រុងដូចពួកខ្ញុំ។ អ៊ីចឹងហើយទើបខ្ញុំយល់ថា បើខ្ញុំកើតជាសត្វក្អែកវិញ ខ្ញុំច្បាស់ជាសត្វដែលសប្បាយបំផុតហើយ។"
គំនិតអប់រំ៖
កំហុសមួយរបស់យើងគ្រប់គ្នាគឺការយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃទាំងដែលរឿងមួយចំនួនមិនចាំបាច់សោះ ហើយបែរមកធ្វើឱ្យខ្លួនឯងកើតទុក្ខទៅវិញ។ យើងមិនបានឱ្យតម្លៃលើអ្វីដែលមានលើខ្លួនយើង តែព្យាយាមសម្លឹងរកអ្វីដែលមានក្នុងខ្លួនអ្នកដទៃ។ ចូររៀនពេញចិត្តនិងសប្បាយចិត្តនូវអ្វីដែលយើងកំពុងធ្វើ ជាជាងមើលតែអ្វីដែលអ្នកដទៃមាន៕