សម្តេចតេជោ ហ៊ុន សែន បានបង្ហាញគម្រោងបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ បើស្ថានភាពកូវីដនៅថេរ

រាជធានីភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នេះគឺជាការសាកល្បងមួយដ៏ធំរបស់កម្ពុជា ហើយបើក្រោយពិធីបុណ្យភ្ជុំនេះស្ថានភាពឆ្លងជំងឺកូវីដ១៩ ស្ថិតដូចក្នុងស្ថានភាពរាល់ថ្ងៃ គឺកម្ពុជាអាចឈានទៅបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមគ្រប់វិស័យឡើងវិញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ៖ នេះគឺជាការសាកល្បងដ៏ធំរបស់យើង ដើម្បីឈានទៅបើកប្រទេសឡើងវិញ លើគ្រប់វិស័យ។ ប្រសិនបើក្នុងរង្វង់ ១០ ទៅ ១៥ថ្ងៃ ស្ថានភាពរបស់យើងនៅហ្នឹងនរ អត្រាឆ្លងត្រឹមប៉ុណ្ណេះដូចរាល់ថ្ងៃ និងការស្លាប់ត្រឹមកម្រិតប៉ុណ្ណេះ ខ្ញុំគិតថា ដល់ពេលវេលាដែលយើងត្រូវបើកសេដ្ឋកិច្ច និងសង្គមឡើងវិញលើគ្រប់វិស័យ តែទៅតាមគន្លងថ្មី ជាមួយវិធានការ ៣កុំ ៣ការពារ របស់យើង ដែលនឹងនាំទៅដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់យើង។

ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាទំនៀមទំលាប់របស់ខ្មែរ រាជរដ្ឋាភិបាលកម្ពុជា មិនបានបិទការឈប់សម្រាក និងការដើរលេងកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ ដែលគេសង្កេតឃើញជាទូទៅថា ប្រជាពលរដ្ឋខ្មែរបានធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំគ្រួសារ ហើយក៏មានការធ្វើដំណើរទៅកម្សាន្តតាមរមនីយដ្ឋាន នានាយ៉ាងច្រើនកុះករផងដែរ។

សូមបញ្ជាក់ថា ការប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី ៨ តុលានេះ អ្នកឆ្លងកូវីដ១៩ថ្មីមានចំនួន ២០៣នាក់ និងអ្នកស្លាប់ថ្មីចំនួន ១៨នាក់ ហើយគិតត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ កម្ពុជា មានអ្នកកើតជំងឺកូវីដ១៩សរុបចំនួន ១១៤,១៤៨នាក់ និងស្លាប់ ២,៤៤១នាក់៕