ក្រៅពីជំនាញគោលដែលនិស្សិតត្រូវរៀនពីសាលា ចាំបាច់ត្រូវមានជំនាញទន់មួយចំនួនថែមទៀត ដើម្បីធ្វើឱ្យការសិក្សាកាន់តែមានភាពរលូន ចេះដោះស្រាយរាល់បញ្ហាចំពោះមុខ ដោយការដោះស្រាយបញ្ហាទាំងនោះត្រូវមានជំនាញទន់មកចូលរួម និងមានភាពងាយស្រួលក្នុងការពង្រីកចំណេះដឹងបន្ថែម។ ជំនាញទន់ដែលចាំបាច់ទាំងនោះមានដូចជា៖
១.ជំនាញធ្វើការងារជាក្រុម
ជំនាញនេះក្នុងសាលាក៏បានបង្រៀនអ្នកឱ្យស្គាល់ខ្លះដែរ ដូចជាការដាក់កិច្ចការសាលាឱ្យធ្វើជាក្រុម ប៉ុន្តែចំពោះវិធីសាស្រ្ត និងការដោះស្រាយផ្សេងៗនៅក្នុងក្រុមចាំបាច់ត្រូវឱ្យអ្នកចេះដឹងបន្ថែម។ និស្សិតត្រូវចេះធ្វើការជាក្រុម ការចែកការងារគ្នាធ្វើ ការចេះសហការ ការទទូលខុសត្រូវនូវរាល់ចំណុចដែលខ្លួនធ្វើ និងការចេះធ្វើឱ្យសមាជិកក្រុមមានសាមគ្គីភាពគ្នា។ ជំនាញធ្វើការជាក្រុមនេះ ត្រូវមានរហូតដល់ពេលចេញធ្វើការ ដូច្នេះចាំបាច់ត្រូវតែមាន។
២.ជំនាញទំនាក់ទំនង
ការចេះបង្កើតទំនាក់ទំនងជាមួយមនុស្សជាបញ្ហាសំខាន់ណាស់ ជួបមនុស្សថ្មីមួយក្រុម អ្នកត្រូវដឹងថា អ្នកនឹងជួបបទពិសោធន៍ថ្មីមួយទៀត សម្រាប់ប្រាស្រ័យទាំក់ទងគេ ដូចជាការទៅប្រាស្រ័យទាក់ទងជាមួយគេ ដោយត្រូវធ្វើការងារជាក្រុមជាមួយ ឬក៏ក្រុមការងារជាដើម។ ការមានជំនាញទំនាក់ទំនងក៏សំដៅដល់ការមានសក្ដានុពលនៅក្នុងខ្លួន ធ្វើឱ្យអ្នកមានភាពប៉ិនប្រសប់ក្នុងការនិយាយដើម្បីបញ្ចុះបញ្ចូល ធ្វើឱ្យមានគេចាប់អារម្មណ៍ និងចង់មានទំនាក់ទំនងជាមួយ។
៣.ជំនាញដោះស្រាយបញ្ហា
មិនថានៅក្នុងការសិក្សា ឬពេលចេញធ្វើការ និងការប្រកបអាជីពអ្វីឡើយ ការមានសមត្ថភាពដើម្បីដោះស្រាយបញ្ហា គឺធ្វើឱ្យអ្នកទទួលបានភាពជោគជ័យ។ ការងារក្រុមតែងតែមានការទាស់ទែងសម្ដីគ្នាខ្លះ ជៀសមិនផុតទេ ដូច្នេះក្នុងក្រុមត្រូវតែមានអ្នកចេះដោះស្រាយជម្លោះ ដើម្បីធ្វើឱ្យក្រុមសាមគ្គីគ្នាឡើងវិញ ទើបការងារក្រុមទទួលបានលទ្ធផលល្អ។
៤.ការចេះសម្របខ្លួន
ការសម្របខ្លួនជាមួយការផ្លាស់ប្ដូរក្រុម ជួបជាមួយមនុស្សថ្មី ក្រុមថ្មី ការពិភាគ្សាគ្នា និងការចែកកិច្ចការគ្នាធ្វើគឺមិនដូចក្រុមដដែលនោះទេ ដូច្នេះហើយការសម្របខ្លួនគឺចាំបាច់ ធ្វើឱ្យអ្នកចូលចុះចំណោមជាមួយមនុស្សថ្មីទាំងនោះ។ ម្យ៉ាងវិញទៀតនៅពេលដែលចេញធ្វើការ ការប្ដូរកន្លែងការងារ មិត្តរួមការងារជាមួយ និងបរិយាកាសក៏ត្រូវផ្លាស់ប្ដូរដូចគ្នា ដូច្នេះហើយត្រូវចេះសម្របខ្លួនជាមួយនឹងវប្បធម៌ថ្មី និងរបៀបធ្វើការជាមួយក្រុមការងារដែលមានវប្បធម៌ និងទំនៀមទំលាប់ខុសពីអ្នក។
៥.ជំនាញប៉ិនប្រសប់
ភាពប៉ិនប្រសប់របស់មនុស្សនឹងទទួលបានការចូលចិត្តនិងចាប់អារម្មណ៍ ជាងអ្នកដែលចេះដឹង។ ការប៉ិនប្រសប់ជាមួយការរៀបចំ ការប៉ិនប្រសប់ក្នុងការនិយាយបង្កើតទំនាក់ទំនង ប៉ិនប្រសប់ក្នុងការចាត់ចែកការងារក្រុម និងប៉ិនប្រសប់ដោះស្រាយបញ្ហាផ្សេងៗ។ ដូចពាក្យចាស់ពោលថា ចេះដប់មិនស្មើប្រសប់មួយ។
ជំនាញទន់ទាំងប្រាំ ជាផ្លូវដែលនាំឱ្យអ្នកទទួលបានភាពជោគជ័យមួយផ្នែក សម្រាប់គោលដៅអនាគតរបស់អ្នក ដូច្នេះហើយអ្នកត្រូវតែមានជាចាំបាច់ ដើម្បីធ្វើឱ្យខ្លួនកាន់តែមានចំណុចល្អ និងទំនុកចិត្តសម្រាប់បំពេញការងារ៕