មនុស្សមានស្មារតីរឹងមាំនឹងនរ ច្រើនជាទីទុកចិត្ត រាប់អាន និងអាចសម្រេចកិច្ចការធំៗបាននៅក្នុងជីវិត។ ជាក់ស្តែងមនុស្សមានស្មារតីល្អ មុតមាំ អាចទទួលបានពីធម្មជាតិ ឬមួយឆ្លងកាត់តាមរយៈទម្លាប់និស្ស័យហ្វឹកហាត់ស្មារតីនោះ។ យ៉ាងណា សញ្ញាណខ្លះៗ នៃមនុស្សជាអ្នករឹងមាំផ្លូវចិត្តនិងភាពរីករាយត្រូវបានសម្គាល់ដូចខាងក្រោម៖
១. អ្នកនៅតែរីករាយទោះនៅម្នាក់ឯង
សម្គាល់មើលថា អ្នកនៅតែអាចរីករាយទៅនឹងអ្វីដែលអ្នកបង្កើតឡើងនេះបញ្ជាក់អ្នកមានស្មារតីរឹងមាំក្នុងផ្លូវចិត្ត ជាមនុស្សឯករាជ្យក៏ដូចជាពេញចិត្តនូវសកម្មភាពដែលអ្នកធ្វើ ទោះមាន ឬពុំមាននរណាម្នាក់ចាំសរសើរលើកទឹកចិត្ត ឬចូលរួម។ អ្នកដែលមានភាពរឹងមាំបែបនេះ ច្រើនមានទស្សនៈថា ពួកគេជាអ្នកទទួលខុសត្រូវលើសេចក្តីសុខរបស់ពួកគេផ្ទាល់ពួកគេជាអ្នកបង្កើត ដោយមិនអាស្រ័យច្រើនទៅលើភាពរីករាយពីរឿងខាងក្រៅនោះឡើយ។
២. អ្នកអបអរសាទរចំពោះជោគជ័យអ្នកដទៃដោយសុទ្ធចិត្ត
អ្នកដែលមានស្មារតីនឹងនរ រឹងមាំ ពួកគេមិនសូវជាចេះច្រណែននោះទេដោយហេតុថា ពួកគេយល់នូវតម្លៃនៃការខិតខំប្រឹងប្រែង ទម្រាំនឹងចេញឈ្មោះជាភាពជោគជ័យ។ពួកគេច្រើនសាទរ និងលើកទឹកចិត្តចំពោះការព្យាយាមទាំងឡាយដែលបង្កជាប្រយោជន៍ និងរីករាយចំពោះអ្វីដែលបង្កើតឡើងនោះ។
៣. មានទម្លាប់ល្អសម្រាប់សុខភាព
សុខភាពផ្លូវចិត្តល្អ ក៏ដោយសារទំនាក់ទំនងសុខភាពផ្លូវកាយនិងទម្លាប់អប់រំចិត្តបានល្អប្រសើរ។ អ្នកអាចសម្គាល់ឃើញថាអ្នកដែលមានស្មារតីរឹងមាំ និងរីករាយផ្លូវចិត្តច្រើនមានទម្លាប់រស់នៅល្អដល់សុខភាព រាប់តាំងពី ការញ៉ាំ គេង ការសម្រាកនិងការសមាធិអប់រំចិត្តបានល្អ។
៤. ទទួលនិងប្រកាន់ភ្ជាប់នូវការផ្លាស់ប្តូរ
មានតែការផ្លាស់ប្តូរប៉ុណ្ណោះ ដែលមិនផ្លាស់ប្តូរ។ពិតណាស់ ធម្មជាតិជាសភាពពិតដែលអ្នកឃើញ មិនអាចប្រកែកបាន អ្វីៗទាំងអស់នឹងប្រែប្រួលផ្លាស់ប្តូរទៅតាមដំណើរនៃធម្មជាតិមិនអាចប្រកែកបាន។ អ្នកមានស្មារតីនឹងនរតែងទទួលយកនូវអ្វីដែលប្រែប្រួល បន្ស៊ាំខ្លួននិងមានបញ្ញាយល់ពីដំណើរនៃធម្មជាតិនេះ។
៥. វិនិយោគពេលវេលានិងថាមពលទៅក្នុងពេលបច្ចុប្បន្ន
ពួកគេច្រើនជាមនុស្សដែលផ្តោតលើកិច្ចការចំពោះមុខកិច្ចការបច្ចុប្បន្ន ដោយមិនបណ្តែតបណ្តោយខ្លួនទៅស្តាយអ្វីពីដែលហួសកន្លងឬអ្វីដែលមិនអាចមើលឃើញទៅថ្ងៃអនាគត។ ប៉ុន្តែអ្វីដែលគេអាចជឿជាក់មុតមាំពីអនាគតរបស់គេបានគឺពេលឥលូវ កិច្ចការដែលកំពុងធ្វើនោះ ដែលមនុស្សមានស្មារតីល្អនឹងនរ តែងបង្កើតបាន៕