៤សមាសធាតុ ដែលជួយទំនាក់ទំនងស្នេហាមួយមានសុខភាពល្អ


មនុស្សពីរនាក់ក្នុងសេចក្តីស្នេហាពិតជាចង់បានស្នេហាមួយប្រកបដោយសុខភាពល្អស្នេហាមួយដែលមានសុភមង្គល ភាពល្អប្រសើរ ការយល់ចិត្តគ្នា។ ដូចនេះតើមានអ្វីខ្លះបន្ថែមនៅក្នុងការថែរក្សាស្នេហាមួយរបស់មនុស្សប្រុសស្រីពីរនាក់ឱ្យមានសុខភាពល្អទៅ? ៤ចំណុចខ្លះពីអ្នកមានពិសោធក៏បានចែករំលែកមកក្រមាដូចខាងក្រោម ប៉ុន្តែក៏នៅមានចំណុចជាច្រើនទៀតផងដែរ ដូចនេះប្រិយមិត្តដែលមានបទពិសោធកុំភ្លេចចែករំលែកដល់ក្រមាវិញផង។ កុំឱ្យយូរមកមើល៤ចំណុចខាងក្រោមនេះ៖

-ទំនុកចិត្ត

ចំណុចនេះ សម្តៅលើទំនុកចិត្តរវាងអ្នកទាំងពីរដែលមានការទុកចិត្ត ស្មោះត្រង់ និងចំណុចល្អមួយចំនួនដែលមាននៅក្នុងចិត្តទាំងសងខាង។ ទំនុកចិត្តគ្នាទៅវិញទៅមក នឹងបង្កើនឱ្យស្នេហា១គូ អាចជឿជាក់ និងដំណើរកាន់ដៃទៅមុខបានរហូតជាគូជីវិត ដែលស្តែងឡើងពីអ្នកទាំងពីរ បើពិតជាមាន  ភក្តីភាព​ ភាពស្មោះត្រង់ពិតប្រាកដចំពោះគ្នានោះគឺជាកត្តាសំខាន់ នៃទំនុកចិត្តលើស្នេហានោះ។

២-ការគោរព

ក្នុងក្តីស្រលាញ់រវាងមនុស្សពីរនាក់ពុំមែនសុទ្ធតែមានការគិត ចំណង់ចំណូលចិត្តដូចៗគ្នាសឹងទាំងស្រុងនោះទេ។មានចំនុចខុសខ្លះ គឺមានភាពខុសប្លែកគ្នា ដែលហៅថាចរិត ឬនិស្ស័យរបស់មនុស្សម្នាក់ៗ។ ហើយបើមនុស្សប្រុស និងមនុស្សស្រី គឺកាន់តែខុសគ្នា។ ដូច្នេះ ការយល់ពីអារម្មណ៍គ្នានិងរបៀបឆ្លើយតប ដែលសម្តៅទៅលើការគោរពនោះ ពោលគឺគោរពចំពោះភាពខុសប្លែកគ្នា។ សកម្មភាពខ្លះអ្នកអាចនិយាយទេ ប៉ុន្តែដៃគូនិយាយថាជារឿងត្រឹមត្រូវ នោះគឺតម្រូវឱ្យមានការគោរពខ្លះចំពោះរឿងនោះប៉ុន្តែនៅតែមានការថ្លឹងថ្លែង បារម្ភ ពន្យល់ណែនាំ យកចិត្តទុកដាក់ពីគ្នា ក្នុងនាមជាដៃគូស្នេហា។

៣-ចំណែកចូលរួម

នៅពេលមានទំនាក់ទំនងស្នេហាការសម្រេចចិត្តខ្លះ ទាំងការចូលរួមសកម្មភាពផ្សេងៗ​ពុំមែនសម្រាប់តែមនុស្សម្នាក់ឬខ្លួនតែមួយទៀតហើយ ពោលគឺសម្រាប់ពីរនាក់។ ដូចនេះការផ្តល់សិទ្ធិឱ្យយោបល់សម្រេចចិត្តផ្សេងៗការចូលរួមជាមួយគ្នាទៅវិញទៅមក ការចែករំលែករឿងរ៉ាវចេញពីចិត្តមកពិភាក្សា ជារឿងមួយគួរផ្តល់ឱកាសគ្នាជួយជ្រោមជ្រែង និងអភិវឌ្ឍគ្នាទៅវិញទៅមក ហើយពេលវេលានឹងប្រាប់ពីសមត្ថភាពនៃការថែទាំទំនាក់ទំនងក្តីស្រលាញ់របស់អ្នកទាំងពីរថាមានសុខភាពល្អឬយ៉ាងណាផងដែរ។

៤-ភាពពេញចិត្ត

មែនហើយចំណុចមួយនេះគឺសម្តៅទៅលើចំណុចល្អៗពីដៃគូ ដែលអ្នកពិតជាមានក្នុងចិត្តពិតប្រាកដមែន។ ភាពពេញចិត្តនិងបង្ហាញប្រាប់អ្នកថាអ្នកអាចទទួលយកបែបណាពីដៃគូ ព្រោះថាមនុស្សតែងមានចំណុចល្អ និងមិនល្អដូចនេះថាតើអ្នកពេញចិត្តពីដៃគូបានកម្រិតណា។ ការស្រលាញ់ពេញចិត្តពិតប្រាកដពីដៃគូសងខាងបើទោះជាមានចំណុចល្អ និងមិនល្អខ្លះ គឺំពួកគេនឹងទទួលយក ហើយបន្តដំណើរកាន់ដៃគ្នាទៅមុខ។ ភាគរយច្រើន ពីការពេញចិត្តគ្នាទៅវិញទៅមក គឺរក្សាចំណងស្នេហាបានគង់វង្ស ហើយពេលវេលាក៏នឹងបញ្ជាក់ប្រាប់ផងដែរពីការពេញចិត្តពិតប្រាកដ ឬមិនពិតនោះផងដែរ៕