គ.ក.រ បើកកិច្ចប្រជុំលើកដំបូង កំណត់អាទិភាពនៃការងារសំខាន់ៗសម្រាប់កំណែទម្រង់រដ្ឋបាលសាធារណៈ

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈតាមប្រព័ន្ធអនឡាញ (Zoom) ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវតំណាងក្រសួង-ស្ថាប័ននៅថ្នាក់ជាតិជាសមាជិក ឯកឧត្ដម លោកជំទាវអភិបាលរាជធានី-ខេត្ត ប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ សរុបចំនួន ១២០រូប។

កិច្ចប្រជុំនេះ បានផ្តោតលើរបៀបវារៈសំខាន់រួមមានជាអាទិ៍៖ ការប្រកាសសមាសភាព និងរបៀបរបបការងាររបស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ហៅកាត់ថា «គ.ក.រ» ដែលបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦២១/៤៤៩ ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និងការកំណត់អាទិភាពនៃការងារសំខាន់ៗសម្រាប់ការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ក្នុងបរិបទនៃជំងឺកូវីដ-១៩។

ឯកឧត្ដមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានរំលឹកឡើងវិញពីសមិទ្ធផលចម្បងនៃការកែទម្រង់រដ្ឋបាលសាធារណៈក្រោយពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន មានជាអាទិ៍៖ ការធ្វើឱ្យមានរដ្ឋបាលឯកភាពមួយក្រោយការធ្វើសមាហរណកម្មរដ្ឋបាលពីបណ្តាភាគីប្រដាប់អាវុធតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងការពង្រឹងតួនាទីស្នូលរបស់រដ្ឋបាលសាធារណៈដែលផ្អែកយ៉ាងរឹងមាំលើរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ក្នុងការកសាងនីតិរដ្ឋដើម្បីបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិកម្ពុជា រួមទាំងការកសាងប្រព័ន្ធ គ្រប់គ្រងមន្ត្រីរាជការតាមពត៌មានវិទ្យា ដោយការធ្វើទំនើបកម្មទិន្នន័យគ្រប់គ្រងបុគ្គលិក និងបៀវត្ស ការរៀបចំកែសម្រួលរបបប្រាក់បៀវត្សឱ្យមានកម្រិតសមរម្យ និងធានាការបើកប្រាក់បៀវត្សឱ្យបានទៀងទាត់ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

កិច្វប្រជុំនេះក៏បានពិភាក្សាពីការជំរុញអនុវត្តជាក់ស្តែងនូវការប្រើប្រាស់បច្ចេកវិជ្ជាឌីជីថល ក្នុងដំណើរការកំណែទម្រង់រដ្ឋបាលសាធារណៈ។

ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្ដមរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ឡើងវិញពីគោលបំណងសំខាន់នៃកំណែទម្រង់រដ្ឋបាលសាធារណៈ គឺការកសាងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ និងស្ថាប័នសាធារណៈដើម្បីធានារ៉ាប់រងភារកិច្ចស្នូលក្នុងការអនុវត្តសម្រេចដោយជោគជ័យនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលកូវីដ-១៩។