សញ្ញាព្រមាន​៥​យ៉ាង​នៅ​លើ​មាត់ បង្ហាញ​ថា​ថ្លើម​របស់​អ្នក​កំពុង​មាន​បញ្ហា

ចូរ​កុំ​ព្រងើយ​កន្តើយប្រសិន​បើ​ថ្លើម​របស់​អ្នក​កំពុង​ត្រូវ​បាន​បំផ្លាញ ឬ​មាន​បញ្ហា អ្នក​នឹង​សង្កេត​ឃើញ​សញ្ញា​ទាំង​៥​យ៉ាង​នេះ​តាម​រយៈ​មាត់​របស់​អ្នក។

.ឈាម​អញ្ចាញ​ធ្មេញ

ការ​ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ​គឺ​ជា​អាការ​ដែល​មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​ធ្លាប់​ជួប​ប្រទះ នៅ​ពេល​ដែល​សុខភាព​មាត់​ធ្មេញ​មិន​ប្រក្រតី។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ការ​ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ​ក៏​អាច​ជា​រោគ​សញ្ញា​ព្រមាន​​ពាក់​ព័ន្ធ​នឹង​ជំងឺ​ថ្លើម​ផង​ដែរ។

ដំណើរ​ការ​មុខងារ​មិន​ស្រួល​របស់​ថ្លើម​នឹង​បណ្ដាល​ឱ្យ​មាន​បញ្ហា​ជា​ច្រើន​​ជាមួយនឹង​ការ​បំបែក​ជាតិពុល​ ដែលអាចបណ្តាលឱ្យជាតិពុលកក​ក្ដាំង​នៅក្នុងខ្លួនយ៉ាងងាយ​ ​និងបំផ្លាញកោសិកា។

​នេះក៏អាចបណ្តាលឱ្យ​ភ្នាស​ Endothelium នៃ​សរសៃ​ឈាម​ Capillaries ត្រូវបែកបាក់​ដែល​ធ្វើឱ្យ​អញ្ចាញ​ធ្មេញ​ទៅ​ជា​ហូរឈាម។ ដូច្នេះប្រសិនបើអ្នកមាន​អាការ​ហូរ​ឈាមអញ្ចាញធ្មេញញឹកញាប់ ​អ្នកគួរតែ​ទៅ​មន្ទីរពេទ្យជាបន្ទាន់​ដើម្បីការពារពី​ជំងឺថ្លើម។

២. ឈឺឬ​ដំបៅ​មាត់

ការ​ខូចខាត​នៃ​ថ្លើម​ក៏​អាច​បណ្ដាល​ឱ្យ​មេរោគ​ជា​ច្រើន​ទៅ​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ថ្លើម​បាន​ផង​ដែរ។ ដូច្នេះហើយ ​វា​អាច​បណ្ដាល​ឱ្យ​កោសិកា​ទាំង​ឡាយ​ដែល​មាន​ក្នុង​ថ្លើម​ត្រូវ​ខូច ហើយ​ជា​លទ្ធផលមុខងារ​កំណក​ឈាម​ក៏​នឹង​ធ្លាក់​ចុះ​ទៅ​ៗបង្ក​ឱ្យ​ជា​ហានិភ័យ​នៃ​ជំងឺ​ដំបៅ​មាត់។

៣. របក​បបូរ​មាត់

អាការ​របក​បបូរ​មាត់​ជា​ញឹក​ញាប់​តែង​តែ​កើត​មាន​នៅ​ពេល​អាកាស​ធាតុ​ក្ដៅ​ខ្លាំង ដូច្នេះ​ហើយ​ទើប​អ្នក​ត្រូវ​ការ​ផឹក​ទឹក​ឱ្យ​បាន​ច្រើន​ដើម្បី​ព្យាបាល​អាការ​នេះ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ប្រសិន​បើ​អ្នក​ផឹក​ទឹក​ច្រើន​ហើយតែ​នៅ​តែ​មិន​បាត់​អាការ​នេះ អ្នក​គួរ​ងាក​មក​គិត​អំពី​​បញ្ហា​មេតាបូលីស​របស់​ថ្លើម​វិញ។ ប្រសិន​បើ​ថ្លើម​ត្រូវ​បាន​បំផ្លាញ ឬ​ខូច​ខាត ដំណើរ​ការ​មេតាបូលីស​នឹង​ធ្វើ​ការ​មិន​បាន​ស្រួល​ដែល​បណ្ដាល​ឱ្យ​ទៅ​ជា​របក​បបូរ​មាត់​ បាត់​បង់​សំណើម​ជា​ដើម។

៤. ក្លិន​មាត់​មិន​ល្អ

ក្លិន​មាត់​មិន​ល្អ​ភាគ​ច្រើន​កើត​ឡើង​មក​ពី​សុខភាព​មាត់​ធ្មេញ​មាន​បញ្ហា។ ប៉ុន្តែ​ប្រសិន​បើ​បញ្ហា​ក្លិន​មាត់​របស់​អ្នក​នៅ​តែ​កើត​មាន ​ទោះ​បី​អ្នក​បាន​ដុស​សម្អាត​ធ្មេញ​រួច​ក៏​ដោយ​នោះ អ្នក​គួរ​តែ​ទៅ​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​របស់​ថ្លើម​វិញ។ អ្នក​ដែលមាន​ជំងឺ​ ឬ​ចុះ​ខ្សោយ​មុខ​ងារ​ថ្លើម​អាច​បណ្ដាល​ឱ្យ​បរិមាណ​អាម៉ូញាក់​កើន​ឡើង​ក្នុង​ឈាមដែល​បង្កទៅ​ជា​ក្លិន​មិន​ល្អ​ភាយ​ពី​ក្នុង​មាត់​មក។

៥. មាត់​ស្ងួតហើយ​ឡើង​ក្រហម ឬជាំ

មនុស្សដែលឆាប់ខឹង​មួម៉ៅ​ ជាញឹកញាប់​តែងតែ​មានបបូរមាត់​ឡើង​ក្រហមនិងស្ងួត ប៉ុន្តែ​នេះក៏​អាច​ជា​រោគ​សញ្ញាព្រមាននៃជំងឺថ្លើមផងដែរ។ ហេតុ​នេះ​ហើយ ​ប្រសិនបើបបូរមាត់របស់អ្នកកាន់តែស្ងួត​និងក្រហម​ឡើងៗ​ អ្នកគួរតែយកចិត្តទុកដាក់​បន្ថែម និង​​ទៅ​ឱ្យ​ពេទ្យ​ពិនិត្យមុខងារ​ថ្លើម​របស់​អ្នក​ភ្លាម៕