រាជធានីភ្នំពេញ៖ មានការលើកឡើងស្រដៀងគ្នាជាច្រើន ពាក់ព័ន្ធទៅនឹងភាពជឿជាក់ទៅលើកំណើននៃតម្លៃខុនដូនៅឆ្នាំបន្ទាប់ ដែលអាចឡើងយ៉ាងហោចណាស់ក្នុងរង្វង់ប្រមាណ២០ភាគរយ ខណៈដែលបច្ចុប្បន្នទីផ្សារនៃវិស័យមួយនេះហាក់នៅទ្រឹង ហើយតម្លៃក៏មិនមានការប្រែប្រួលបើប្រៀបធៀបទៅនឹងឆ្នាំ២០២០កន្លងទៅនេះ។
អ្នកជំនាញនៅក្នុងទីផ្សារខុនដូលោក ខន គង្គា បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា តម្លៃទីផ្សារដុនដូនៅពេលបច្ចុប្បន្ននេះប្រើប្រៀបធៀបទៅនឹងឆ្នាំមុន ហាក់មិនឡើងថ្លៃនោះទេ ប៉ុន្តែការទិញលក់នៅតែបន្តមានសកម្មភាព ព្រោះអ្នកទិញពេលនេះ ភាគច្រើនជាជនជាតិខ្មែរដែលមិនមែនជាជនជាតិបរទេសដូចកាលពីមុននោះឡើយ។
លោកបានមានប្រសាសន៍ដូច្នេះថា៖ «បច្ចុប្បន្នទីផ្សារខុនដូនៅតែដំណើរការ បើទោះជាវត្តមាននៃជនបរទេសនៅមិនទាន់វិលចូលមកកម្ពុជាក៏ដោយ ព្រោះអតិថិជនដែលជាអ្នកទិញពេលនេះ ភាគច្រើនជាជនជាតិខ្មែរបន្ទាប់ពីពួកគាត់បានស្វែងយល់ និងដឹងច្បាស់ពីអត្ថប្រយោជន៍របស់ខុនដូហើយនៅឆ្នាំបន្ទាប់តម្លៃខុនដូក៏នឹងមានការឡើងថ្លៃជាមិនខាន»។
លោកបានបន្តថា៖ «តម្លៃខុនដូពេលនេះ មានចាប់ពីជាង៤ម៉ឺនដុល្លារឡើងទៅ អាស្រ័យទៅតាមទំហំនិងទីតាំងសំណង់អគារ ប៉ុន្តែអាចស័ក្ដិសមនឹងការរស់នៅពោរពេញទៅដោយភាពស៊ីវិល័យនិងងាយស្រួល ស្ថិតនៅក្នុងក្រុង មិនពិបាកចំណាយពេលធ្វើដំណើរយូរនោះទេ ហើយក៏អាចមានឱកាសខ្ពស់ក្នុងទទួលបានចំណេញនៅពេលដែលម្ចាស់ចង់ធ្វើការវិនិយោគបន្តនៅពេលអនាគត»។
ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះកញ្ញា ហ៊ុល ស័ក្តិសិកា មន្ត្រីគ្រប់គ្រង់ជាន់ខ្ពស់ផ្នែកលក់ខុនដូនៃក្រុមហ៊ុនភ្នាក់អចលនទ្រព្យ Century21 Mekong បានប្រាប់ថា ពេលនេះតម្លៃខុនដូនៅក្នុងទីក្រុងភ្នំពេញនៅធួរថ្លៃនៅឡើយ ដែលអាចផ្តល់ឱកាសដល់អតិថជនដែលជាអ្នកទិញទុកវិនិយោគទទួលបានផលចំណេញយ៉ាងច្រើនព្រោះបើរង់ចាំដល់វិបត្តិកូវីដបញ្ចប់ទាំងស្រុង ដំណើរសេដ្ឋកិច្ចល្អប្រសើរឡើងវិញ នោះតម្លៃនឹងមានការកើនឡើងជាក់ជាមិនខានហើយផ្នែកផ្សេងទៀតនៃវិស័យអចលនទ្រព្យក៏កើនឡើងដូចគ្នា។
កញ្ញាបានបន្តថា ខុនដូដែលមានទំហំធំល្មមចាប់ពីជាង៤០ម៉ែត្រការ៉េឡើងទៅ និងស្ថិតនៅតំបន់សក្ដានុពលល្អជាទីប្រជុំជនក្នុងក្រុង អាចមានតម្លៃ៨ទៅ១០ម៉ឺនដុល្លារ ប៉ុន្តែប្រសិនបើក្រោយបញ្ចប់វិបត្តិជំងឺកូវីដ តម្លៃនឹងបន្តឡើងខ្ពស់ជាងនេះដែលយ៉ាងណាស់ ១៥-២០ភាគរយដែរ។
កញ្ញាបន្តថាសម្រាប់អ្នកទិញពេលនេះគឺមាន២ប្រភេទ ប្រភេទទី១គឺអ្នកទិញសម្រាប់ស្នាក់នៅខ្លួនឯងផ្ទាល់ ហើយអ្នកទិញប្រភេទទី២គឺជាអ្នកវិនិយោគ ដែលទិញទុកលក់បន្តយកចំណេញក្រោយ ពេលតម្លៃខុនដូឡើងថ្លៃឬទិញទុកជួលយកចំណូលប្រចាំខែ ប្រចាំឆ្នាំ ព្រោះតម្លៃជួលខុនដូនៅកណ្តាលក្រុងថោកបំផុត ក៏៥០០ដុល្លារក្នុងមួយខែ ខណៈដែលការជួលផ្ទះល្វែងនៅក្នុងបុរីតាមតំបន់ជាយក្រុងមួយចំនួន អាចទទួលបានត្រឹម៣០០ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ៕